(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Erling Braut Haaland អាចចូលរួមជាមួយក្លិបកំពូល FC Barcelona នៅរដូវក្តៅនេះ បើទោះបីជាក្លិបអេស្ប៉ាញស្ថិតក្នុងតំបន់កាតាឡាំង កំពុងជួបវិបត្តិហិរញ្ញវត្ថុខ្លាំងក្តី ដែលជំពាក់បំណុលប្រមាណច្រើនជាងមួយពាន់លានអឺរ៉ូ។ នេះបើតាមអ្នកការសែតអេស្ប៉ាញលោក Guillen Balague បានឲ្យដឹងហើយត្រូវបានចុះផ្សាយដោយ BBC នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។

បុរសវ័យ ២១ឆ្នាំ Haaland មានកិច្ចសន្យាប្រមាណ ៧៥លានអឺរ៉ូ ដែលអាចឲ្យរូបគេចាក់ចេញពីក្លិបអាល្លឺម៉ង់ Dortmund នៅចុងបញ្ចប់រដូវកាលនេះ ដ្បិតបច្ចុប្បន្នក្លិប FC Barcelona កំពុងតែធ្វើការកាត់ប្រាក់ឈ្នួលដែលមានតម្លៃថ្លៃៗ និងកីឡាករសំខាន់ៗមួយចំនួន ដែលកន្លងមកក្លិបបានសម្រេចឲ្យ Lionel Messi ចាកចេញដោយមិនមានថ្លៃផ្ទេរ ក៏ព្រោះតែហិរញ្ញវត្ថុ និងច្បាប់លីគ La Liga។

ថ្មីៗនេះក្លិប Barca ក៏បាននាំចូលខ្សែប្រយុទ្ធ Ferran Torres ពីក្លិបអង់គ្លេស Manchester City ក្នុងតម្លៃ ៤៦លានផោន ដែលប្រធានក្លិប Joan Laporta និយាយថា «Barca បានត្រឡប់មកវិញជាមួយកីឡាករឆ្នើម» ក្នុងទីផ្សារដោះដូរ ខណៈកីឡាករដែលអាចជាគោលដៅសំខាន់ Haaland កំពុងរកបាន ១៣គ្រាប់ ក្នុងចំណោម ១១ប្រកួតនៅលីគ Bundesliga ក្នុងរដូវកាលនេះ ហើយលោក Guillen Balague បន្តថា «កីឡាកររូបនេះជាជម្រើសសំខាន់របស់ក្លិបធំៗនៅអឺរ៉ុប ប៉ុន្តែជឿជាក់ថា លីគ La Liga ជាម្រើសល្អដែលគេអាចពេញចិត្ត»។

សរុបមករូបគេរកបាន ៧៦គ្រាប់ពេលលេងបាន ៧៤ប្រកួតជាមួយក្លិប Dortmund គ្រប់កម្មវិធីទាំងអស់ចាប់តាំងពីបានផ្ទេរពីក្លិប Red Bull Salzburg នាខែមករា ឆ្នាំ២០២០ ដែលបច្ចុប្បន្នក្លិប កំពុងឈរលេខរៀងទី២ មាន ៣៤ពិន្ទុនៃ Bundesliga។ ដោយឡែកលីគអេស្ប៉ាញក្លិប Barca រកបាន ៣១ពិន្ទុ ឈរលេខ៥ ដាច់ ១៥ពិន្ទុពីក្លិប Real Madrid នៃកំពូលតារាងបណ្តោះអាសន្ន៕