(កូរ៉េ)៖ បទចម្រៀងដែលផ្ទុះការគាំទ្រខ្លាំងកាលពី១០ឆ្នាំមុនរបស់តារាល្បីកូរ៉េ Psy ចំណងជើងថា «Gangnam Style» នៅតែទទួលការចាប់អារម្មណ៍ស្តាប់ពីទស្សនិកជនទូទាំងពិភពលោក ដែលធ្វើឲ្យចំនួន View វីដេអូចម្រៀងមួយនេះ ក្នុង YouTube បន្តកើនឡើងជាលំដាប់ ខណៈបច្ចុប្បន្ន គឺរហូតដល់ ៤.៣ពាន់លានដង។

តាមការចេញផ្សាយរបស់សារព័ត៌មាន All-POP នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា បទចម្រៀង «Gangnam Style» បានកើនចំនួន View រហូតដល់ ៤.៣ពាន់លានដងក្នុងបណ្តាញសង្គម YouTube។ បទចម្រៀងនេះ ត្រូវបានគដឹងថា ជាបទក្នុងអាល់ប៊ុមទី៦ របស់លោក Psy ដែលបានបញ្ចេញជាលើកដំបូងតាំងពីឆ្នាំ ២០១២មកម្ល៉េះ។ តាមរយៈបទចម្រៀង «Gangnam Style» បានធ្វើឲ្យម្ចាស់បទ គឺ Psy ផ្ទាល់ជាប់ឈ្មោះជាតារាចម្រៀង K-POP បុរសដំបូងបង្អស់ ជាប់ចំណាត់ថ្នាក់លេខ២ លើតារា «Billboard Hot 100» របស់អាមេរិក និងទទួលការចាប់អារម្មណ៍ពេញពិភពលោក។

គួរជម្រាបថា បើទោះបីជាបញ្ចេញអស់រយៈពេល១០ឆ្នាំទៅហើយក្តី តែបទចម្រៀង «Gangnam Style» នៅតែបន្តទទួលការស្រឡាញ់ពេញចិត្តស្តាប់ ពីសំណាក់ទស្សនិកជនរហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមគ្នានេះ តារាប្រុស Psy បានប្រកាសថ្មីៗនេះថា លោកនឹងត្រឡប់មកវិញ តាមរយៈការបញ្ចេញអាល់ប៊ុមទី៩ របស់ខ្លួន ក្នុងឆ្នាំ២០២២នេះ៕