(អាមេរិក)៖ លោក Tim Cook ទទួលបានប្រាក់ចំនួន ៩៨,៩៣លានដុល្លារអាមេរិកពីក្រុមហ៊ុន Apple នៅក្នុងឆ្នាំ ២០២១ ក្នុងនាម ជា នាយកប្រតិបត្តិ ខណ:ដែលតម្លៃហ៊ុនសរុបរបស់លោកនៅក្នុងក្រុមហ៊ុន Apple បានកើនឡើងដល់ ៧៥៤លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។

យោងតាមសេចក្ដីប្រកាសរបស់ Apple បានឱ្យដឹងថា លោក Cook ទទួលបានប្រាក់បៀវត្សរិ៍ប្រចាំឆ្នាំចំនួន ៣លានដុល្លារអាមេរិក , ប្រាក់រង្វាន់ ១២លានដុល្លារអាមេរិក សម្រាប់ការសម្រេចគោលដៅហិរញ្ញវត្ថុ និងនិរន្តរភាពហិរញ្ញវត្ថុក្រុមហ៊ុន Apple, ប្រាក់រង្វាន់ភាគលាភ ចំនួន ៨២,៣៥លានដុល្លារអាមេរិក និងប្រាក់សំណងផ្សេងៗទៀតចំនួន ១,៣៩លានដុល្លារអាមេរិក។

សារព័ត៌មានខាងលើបានចេញផ្សាយថា ភាគហ៊ុនដែលលោក Cook មាននៅក្នុងក្រុមហ៊ុន Apple គិតត្រឹមថ្ងៃទី០៧ ខែមករានេះមានតម្លៃ ៧៥៤លានដុល្លារ ខណ:ដែលតម្លៃក្រុមហ៊ុន Apple បានកើនឡើងដល់ ៣ពាន់ពាន់លានដុល្លារអាមេរិកកាលពីថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា លោក Tim Cook បានឡើងកាន់តំណែងជានាយកប្រតិបត្តិ Apple កាលពីឆ្នាំ២០១១ ជំនួសលោក Steve Jobs ហើយគិតមកដល់ពេលបច្ចុប្បន្ននេះលោកមានទ្រព្បសម្បត្តិផ្ទាល់ខ្លួនប្រមាណជា ១,៥ពាន់លានដុល្លារអាមេរិក៕