(ភ្នំពេញ)៖ លោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកការប្រកួតពាន់រង្វាន់បាល់ទាត់ មិត្តភាពក្របខណ្ឌរាជសីហ៍ ដើម្បីជាការអបអរសាទរខួបលើកទី៤៣ ទិវាជ័យជំនះ៧មករា ដែលការប្រកួតនេះមានការចូលរួមពី សមាសភាពសាខាសមាគមរាជសីហ៍ ចំនួន១០ក្រុមចូលរួមប្រកួតផងដែរ។

លើកឡើងនាឱកាសនោះ លោក ទេព យុទ្ធី បានលើកឡើងថា គោលបំណងនៃការរៀបចំកម្មវិធីប្រកួតនេះឡើង គឺមិនត្រឹមតែចូលរួមអបអរសាទរទិវាជ័យជំនះ ៧មករាប៉ុណ្ណោះទេ ថែមទាំងជួយលើកស្ទួយវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា ការរិតចំណងមិត្តភាព និងសុខុមាលភាព ក្រោមបរិយាកាសរីករាយ និងការ ស្រលាញ់រាប់អាន ក្នុងក្រុមគ្រួសាររាជសីហ៍តែមួយ។

លោក ទេព យុទ្ធី បានគូសបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេលជាង២ឆ្នាំកន្លងមកទៅនេះ ចាប់តាំងពីឆ្នាំ២០១៩ ដល់ត្រីមាសទី២នៃឆ្នាំ២០២១នេះសមាគមរាជសីហ៍ បានធ្វើការងារមនុស្សធម៌ជាច្រើនជាមួយប្រជាពលរដ្ឋក្រីក្រ ជនពិការ ស្រ្តីមេម៉ាយ សិស្សានុសិស្សមកពីគ្រួសារក្រីក្រ និងកុមារកំព្រានិងអាជ្ញាធរមូលដ្ឋានកំពុង តែឈរជើង តាមគោលដៅការពារមណ្ឌលព្យាបាល និងចត្តាឡីស័កអ្នកជំងឺ និងអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅតាមបណ្តារាជធានីខេត្តមួយចំនួនបានជាច្រើនផងដែរ។

សូមបញ្ជាក់ថា សមាសភាពសាខាសមាគមរាជសីហ៍ដែលបានចូលរួមមាន៖ សមាគមរាជសីហ៍ថ្នាក់កណ្តាល, សមាគមរាជសីហ៍សាខាខេត្តកែប, សមាគមរាជសីហ៍ សាខាខេត្តកណ្តាល, សមាគមរាជសីហ៍សាខារាជធានីភ្នំពេញ, សមាគមរាជសីហ៍សាខាខេត្តសៀមរាប, សមាគមរាជសីហ៍សាខាខេត្តកំពត, សមាគមរាជសីហ៍ សាខាខេត្តត្បូងឃ្មុំ, សមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង, សមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ និងសមាគមរាជសីហ៍សាខាប្រទេសជប៉ុន៕