(ប៉ារីស)៖ កីឡាករតេន្នីសលំដាប់លេខ១ របស់ពិភពលោក Novak Djokovic នឹងត្រូវអនុញ្ញាតឲ្យចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍ French Open នាចុងឆ្នាំនេះ បើទោះបីជាលោកមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក៏ដោយ។ នេះបើតាមសម្តីរដ្ឋមន្ត្រីក្រសួងកីឡាបារាំង លោកស្រី Roxane Maracineanu ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

ការសម្រេចចិត្តរបស់អូស្ត្រាលីក្នុងការដកទិដ្ឋាការរបស់កីឡាករ Djokovic ដែលបានផ្តល់នូវការលើកលែងផ្នែកវេជ្ជសាស្ត្រ នៅមុនពេលការប្រកួតក្នុងព្រឹត្តិការណ៍ Australian Open នាទីក្រុង Melbourne នោះ បានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំង។

បារាំង មិនហាមឃាត់អ្នកដែលមិនបានចាក់វ៉ាក់សាំងពីការចូលប្រទេសរបស់ខ្លួននោះទេ ប៉ុន្តែដាក់ការរឹតបន្តឹងខ្លាំងជាងអ្នកដែលបានចាក់វ៉ាក់សាំង។

លោកស្រី Roxane Maracineanu បានលើកឡើងថា ពិធីសាររបស់សហព័ន្ធកីឡាតេន្នីសអន្តរជាតិ នៅឯព្រឹត្តិការណ៍ធំៗមានន័យថា កីឡាករដែលមិនចាក់វ៉ាក់សាំង អាចចូលប្រទេសបារាំងបាន ហើយអាចចូលរួមនៅទីលាន Roland Garros (ព្រឹត្តិការណ៍ French Open) ដែលនឹងចាប់ផ្តើមនៅខែឧសភាខាងមុខ៕