(សៀមរាប)៖ អាជ្ញាធរបានប្រារព្ធពិធីក្រុងពលីបួងសួងសុំសេចក្តីសុខ ដើម្បីរុះរើជួសជុលព្រះវិហារបុរាណនៅក្នុងវត្តព្រះឥន្ទកោសីយ៍ ដែលមានសភាពចាស់ទ្រុឌទ្រោមឱ្យបានស្អាត រឹងម៊ាំ និងមានលក្ខណៈដើមឡើងវិញ។

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងសប្បុរសជន ព្រះអនុគណក្រុង ព្រះចៅអធិការ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ។

សូមបញ្ជាក់ថា ដោយសារកត្តាសង្រ្គាម និងអាយុកាលព្រះវិហារបុរាណនេះត្រូវបានរងការខូចខាតជាដំណំដូចជាមានការស្រុតគ្រឹះ ធ្លុះដំបូលស្ទើរទាំងស្រុង ប្រេះជញ្ជាំងជាដើមដែលអាចបង្កគ្រោះថ្នាក់គ្រប់វេលា។

ក្នុងន័យនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា អភិរក្សសំណង់បុរាណឱ្យបានគង់វង្សយូរអង្វែងទុកជាមរតកជំនាន់ក្រោយ សប្បុរសជនខ្មែរបានជួយឧបត្ថម្ភការជួសជុលព្រះវិហារបុរាណនេះឡើងវិញ ដោយមានការជ្រោមជ្រែងផ្នែកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា។

លោកអគ្គនាយក ហង់ ពៅ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេន និងជូនចំពោះលោកជំទាវឧកញ៉ា ព្រះសង្ឃ និងសប្បុរសជនទាំងអស់ ជាពិសេសព្រះយសសិរីធម្ម ច័ន្ទ សុវណ្ណ ព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ ដែលមានសណ្តានចិត្ត និងទឹកព្រះទ័យមុតម៊ាំក្នុងការចូលរួមអភិរក្សព្រះវិហារ វត្តព្រះឥន្ទកោសីយ៍ ដែលជាសំណង់បុរាណមួយមានលក្ខណៈពិសេសនៅក្នុងក្រុងសៀមរាប៕