(ភ្នំពេញ)៖ ជីប ម៉ុង ពង្រីកវិសាលភាពមួយកម្រិតទៀតក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចដោយបាននាំសណ្ឋាគារពិភពលោក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត (Fairfield by Marriott) មកកម្ពុជា ដែលនឹងមានវត្តមាន នៅអគារពាណិជ្ជកម្មចម្រុះអន្តរជាតិ «ជីប ម៉ុង ថៅវើ»។

សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ គឺជាគម្រោងសណ្ឋាគារលំដាប់អន្តរជាតិទី២ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលនឹងគ្របដណ្ដប់ ២០ជាន់ខាងលើ នៃអគារពាណិជ្ជកម្មចម្រុះកម្ពស់ ១៨៥ម៉ែត្រ ជីប ម៉ុង ថៅវើ។ សណ្ឋាគារដ៏ប្រណីតនេះ នឹងផ្ដល់ជូននូវបន្ទប់ស្នាក់នៅលំដាប់អន្តរជាតិ សាលប្រជុំទំនើប ភោជនីយដ្ឋានប្រណីត ស្កាយបារ៍ កន្លែងហាត់ប្រាណ អាងហែលទឹក និងបរិក្ខារផ្សេងៗទៀត អមជាមួយនឹងទេសភាពរាជធានីភ្នំពេញ មើលពីអគារ ជីប ម៉ុង ថៅវើ ដែលជាអគារខ្ពស់ជាងគេមួយនៅកម្ពុជា កំពុងសាងសង់យ៉ាងមមាញឹក ត្រៀមខ្លួនបើកជាផ្លូវការនាដំណាច់ឆ្នាំនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់សណ្ឋាគារនេះ ក្រោមការវិនិយោគទុនប្រមាណ ៨០លានដុល្លារ កាលពីឆ្នាំ២០១៧ ជាមួយក្រុមហ៊ុន Marriott International ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យសណ្ឋាគារធំជាងគេមួយក្នុងពិភពលោក ដែលគ្រប់គ្រងយីហោសណ្ឋាគារល្បីៗចំនួន៣០ សរុបមាន៧០០០ ទីតាំង ក្នុង១៣១ប្រទេសទូទាំងពិភពលោក។

វត្តមានរបស់សណ្ឋាគារដ៏ល្បីល្បាញនេះ នឹងចូលរួមបម្រើវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជាព្រមទាំងរួមចំណែកធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ៕