(ភ្នំពេញ)៖ កវីនិពន្ធ និងជាអ្នកគ្រប់គ្រងទូទៅប្រចាំក្នុងផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ បានប្រកាសឲ្យដឹងនៅមុននេះបន្តិចថា លោកមានបំណងជួយដល់សិស្សក្រីក្រចំនួន៥០នាក់ សម្រាប់ក្មួយៗ ឬប្អូនៗ មកពីខេត្តក្រចេះ ដែលទើបប្រឡងបាក់ឌុបហើយថ្មីៗនេះ ទោះបីជាជាប់ ឬមិនជាប់ក្ដី ហើយមានបំណងចង់មកបន្តការសិក្សា នៅក្នុងទីក្រុងភ្នំពេញ។ លោកបញ្ជាក់ថា ការជួយដល់សិស្សក្នុងខេត្តក្រចេះនេះ គឺដោយសារតែលោកមានស្រុកកំណើតនៅក្នុងខេត្តនេះ និងចង់បង្កើនអនុស្សាវរីយ៍ឲ្យបានច្រើន ជាមួយអ្នករស់នៅក្នុងខេត្តជាមួយគ្នា។

ថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះ លោក យឹម តាស្រង់ បានប្រាប់ឲ្យដឹងថា លោកសូមជម្រាបដំណឹងដល់បងប្អូន សិស្សនិស្សិតក្រីក្រទាំងពីរភេទ មកពីខេត្តក្រចេះ ដែលជាប់ ឬធ្លាក់បាក់ឌុប សម្រាប់ឆ្នាំសិក្សាថ្មីនេះ ដែលមានបំណងត្រូវបន្តការសិក្សានៅភ្នំពេញ ឬកំពុងសិក្សានៅភ្នំពេញស្រាប់ឲ្យបានជ្រាបថា ដោយសារឆ្នាំនេះលោកមានលទ្ធភាពបន្តិចបន្តួច សម្រាប់សិស្សនិស្សិតចំនួន ៥០នាក់ ដោយការផ្តល់ជូនដូចជា ផ្តល់កន្លែងឲ្យស្នាក់នៅ, ទទួលបានឱកាសរៀនសូត្រ ជំនាញពីក្រុមហ៊ុនធំៗដោយផ្ទាល់ ដោយទទួលបានប្រាក់ខែ និងមានឱកាសទទួលបានការសិក្សាបន្ថែមនៅក្រៅប្រទេស និងការងារ។

លោកបន្តទៀតថា ក្រៅពីមានឱកាសសិក្សា នៅតាមសាកលវិទ្យាល័យ នៅក្នុងទីក្រុងភ្នំពេញហើយនោះ លោកក៏បានផ្ដល់ឱកាសដល់និស្សិតក្រីក្រទាំងអស់នោះ បានសិក្សាស្វែងយល់បន្ថែមទៀត ទៅលើការងារក្នុងក្រុមហ៊ុន Galaxy Navatra តាមចំណង់ចំណូលចិត្តរៀងៗខ្លួនរបស់ពួកគេ មានដូចជា កាត់ត, សម្ដែង, ដឹកនាំសម្ដែង, ឌីហ្សាញ, Marketing និងជំនាញផ្សេងៗទៀត ដោយលោកផ្ដល់ជូនជាប្រាក់ខែ បន្ថែមទៀតផងដែរ។

កវីនិពន្ធ យឹម តាស្រង់ បន្តទៀតថា ទោះបីជាក្រុមហ៊ុនដែលលោកយកពួកគេមកសិក្សា មិនមែនជាសាលា មិនមែនជាសាកលវិទ្យាល័យ ប៉ុន្តែក៏ជាកន្លែងដែលផ្ដល់នូវជំនាញច្បាស់លាស់មួយ អាចឲ្យពួកគេបំពេញការងារ និងរកចំណូលបានទៅថ្ងៃអនាគតទៀតផង។

យឹម តាស្រង់ និយាយថា «ដូចអ្វីដែលខ្ញុំបានប្រកាសខាងលើនេះ សូមបងប្អូនសិស្សនិស្សិតទាំងអស់ដែលមកពី «ខេត្តក្រចេះ» សូមទំនាក់ទំនងមកកាន់ Telegram លេខ ០១៦ ៣៥ ៤៩ ៩៥ ឲ្យបានមុនថ្ងៃទី១២ ខែ០១ ឆ្នាំ ២០២២នេះ។ សូមអភ័យទោសសម្រាប់បណ្តាខេត្តផ្សេងទៀត ដោយសារឆ្នាំនេះខ្ញុំជ្រើសតែអ្នក «ខេត្តក្រចេះ» ព្រោះខ្ញុំចង់មានអនុស្សាវរីយ៍ជាមួយខេត្តកំណើត!»៕