(បរទេស)៖ អ្នកដឹកនាំ ប្រព័ន្ធ Apple Silicon និង ជាអ្នកបង្កើតប្រព័ន្ធដំណើរការសុវត្ថិភាព (T2) លោក Jeff Wilcox បានចាកចេញពីក្រុមហ៊ុន Apple ដើម្បីត្រឡប់ទៅក្រុមហ៊ុន Intel ជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកវិញ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

លោក Jeff Wilcox ដើមឡើយធ្វើការនៅក្នុងក្រុមហ៊ុន Intel បុន្តែក្រោយមកក៏បានទៅចូលរួមនៅក្នុងក្រុមហ៊ុន Apple នៅក្នុងឆ្នាំ២០១៣ ហើយឥឡូវនេះគាត់កំពុងត្រឡប់ទៅក្រុមផលិតបន្ទះឈីបនោះវិញខណៈដែល Intel កំពុងត្រៀមដំណើរការបន្ទះឈីបថ្មី។

លោក Jeff Wilcox បានសរសេរនៅលើទំព័រ LinkedIn របស់គាត់ថា «បន្ទាប់ពីរយៈពេលប្រាំបីឆ្នាំដ៏អស្ចារ្យ ខ្ញុំបានសម្រេចចិត្តចាកចេញពី Apple ហើយបន្តឱកាសមួយផ្សេងទៀត» ហើយ «វាជាដំណើរដ៏អស្ចារ្យ ហើយខ្ញុំមានមោទនភាពដ៏អស្ចារ្យនូវអ្វីដែលយើងសម្រេចបានក្នុងអំឡុងពេលអនុវត្តការងារនៅទីនោះ (Apple) ដោយឈានដល់ចំណុចបញ្ចប់នៃការផ្លាស់ប្តូរ Apple Silicon ជាមួយនឹងប្រព័ន្ធ M1, M1 Pro និង M1 Max SOCs»

លោក Jeff Wilcox បានត្រឡប់ទៅក្រុមហ៊ុនផលិតបន្ទះឈីប Intel នៅដើមខែមករា ឆ្នាំ ២០២២ ខណៈដែលគេក៏មិនទាន់ដឹងដែរថា តើនរណាដែល ក្រុមហ៊ុន Apple មានបំណងចង់ឱ្យមកកាន់ការងារនេះជំនួសកន្លែងលោក Jeff Wilcox។

ដោយឡែកថ្មីៗនេះ ក្រុមហ៊ុន Apple បានផ្តល់ប្រាក់រង្វាន់ចំនួន ១៨០,០០០ដុល្លាអាមេរិកដល់វិស្វករ ដើម្បីរារំាងពួកគេកុំឲ្យចាកចេញខណៈដែលពួកគេក៏មិនដឹងថាក្រុមហ៊ុន Apple នឹងព្យាយាមរក្សាលោកJeff Wilcox ដែរឬទេ៕