(មេនឆេស្ទើ)៖ Manchester City បានឈានចូលជុំទី៤ នៃពានរង្វាន់ FA Cup ជាបន្តទៀត នៅពេលទម្លាក់គូប្រជែង Swindon Town ដែលមកពី League Two ក្នុងលទ្ធផល ៤-១ នៅរាត្រីថ្ងៃឆ្លងចូលថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

កីឡាករ Bernado Silva, Gabriel Jesus, Gundogan និង Cole Palmer សុទ្ធសឹងតែរួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នា ដ្បិតក្រុមម្ចាស់ផ្ទះរកបានតែ ១គ្រាប់វាយបកប៉ុណ្ណោះនៅនាទី៧៨ ពីការធ្វើបានសម្រេចរបស់កីឡាករ McKirdy នៃជំនួបក្នុងជុំទី៣ យប់មិញនេះដែរ ក្រោមការដឹកនាំរបស់ជំនួយការគ្រូបង្វឹក គឺលោក Rodolfo Borrell។

ខ្សែបម្រើវ័យទើបតែ ១៩ឆ្នាំ Cole Palmer ក៏រកបាន ១គ្រាប់ និងបញ្ជូន ១គ្រាប់ផងដែរពីការចូលលេងលើកដំបូងនៅពាន FA Cup ក៏ព្រោះមិត្តរួមក្រុមស្ថិតក្នុងជម្រើសដំបូងនោះ បានឆ្លងជំងឺកូវីដ-១៩។

ក្រុមរបស់លោក Pep Guardiola នឹងរកឃើញគូប្រកួតក្នុងជុំទី៤ នៃពាន FA Cup ជាបន្តទៀតក្នុងការចាប់ឆ្នោតនាថ្ងៃសៅរ៍សប្តាហ៍ក្រោយ បន្ទាប់ពី Arsenal ធ្វើដំណើរទៅប៉ះក្រុមម្ចាស់ផ្ទះ Nottingham Forest ចប់សព្វគ្រប់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ខាងមុខ៕