(ក្រុងឡុងដ៍)៖ លោក Eddie Howe គ្រូបង្វឹកនៃក្លិប Newcastle United បានថ្លែងប្រាប់ BBC ថា ខ្សែការពារ Kieran Trippier សម្រេចមកក្លិបសារិកាព្រៃនេះ ពុំមែនដោយសារលុយនោះទេ គឺដើម្បីប្រកួតប្រជែងថ្មីតែប៉ុណ្ណោះ។

Trippier ដែលមានវ័យ ៣១ឆ្នាំបានសម្រេចផ្ទេរចេញពីក្លិបអេស្ប៉ាញ Atletico Madrid បើទោះបីកិច្ចសន្យាចាស់របស់គេនៅសល់ ១៨ខែទៀតក៏ដោយ ដើម្បីមកប្រកួតប្រជែងនៅ Premier League ម្តងទៀតដូចដែលគេធ្លាប់ចំណាយពេល ៤ឆ្នាំលេងឲ្យ Tottenham Hotspur។

ដូចគ្នានោះដែរ Atletico Madrid បានលក់ Trippier មកឲ្យ Newcastle ក្នុងតម្លៃ ១២លានផោន ស្មើនឹង ១៦លានដុល្លារអាមេរិក ក្លាយជាកីឡាករដំបូងគេដែលអ្នកចាត់ការទូទៅ Howe ទិញបាន ដ្បិតក្រុមកំពុងឈរក្បែរបាតតារាង Premier League ក្នុងចំណាត់ថ្នាក់ទី១៩ បណ្តោះអាសន្ន។

Trippier ដែលធ្លាប់លេងឲ្យជម្រើសជាតិតោកំណាចអង់គ្លេសបាន ៣៥ប្រកួតផងនោះ បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យ Newcastle រហូតដល់បំណាច់រដូវកាលឆ្នាំ២០២៣-២០២៤ ខាងមុខ នៅពេលលោក Howe បានលើកឡើងផងថា «ការចុះហត្ថលេខានេះ ក៏ព្រោះតែ Newcastle ជាក្លិបធំមួយ ដោយមិនចាំបាច់និយាយពីលុយនោះទេ។ Kieran មកពីនេះមិនអាស្រ័យលើលុយ និងកិច្ចសន្យានោះទេ គឺមកដើម្បីសង្រ្គោះក្លិប និងការប្រកួតប្រជែងនៅពេលក្លិបបានកំពុងជួបប្រទះ បច្ចុប្បន្ន នេះជាចំណុចដែលក្លិបចង់បាន»