(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានពន្យល់ប្រាប់យុវជនរាប់រយនាក់នៅក្រុងតាខ្មៅ ពីគុណបំណាច់ដ៏មហិមារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានដឹកនាំប្រទេសកម្ពុជា ពីបាតដៃទទេ ឲ្យក្លាយជាប្រទេសមានការអភិវឌ្ឍមានការរីកចម្រើន និងមានសម្បូរសប្បាយរុងរឿងមកដល់បច្ចុប្បន្ន។

ការពន្យល់ពីគុណរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់យុវជនជាអ្នកជំនាន់ក្រោយរបស់លោក គង់ សោភ័ណ្ឌ ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ និងកីឡាប៉េតង់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧ឲមករា នៅកីឡដ្ឋានខេត្តកណ្តាល នាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

បន្ថែមពីនេះ លោកបានថ្លែងប្រាប់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទៅដល់យុវជនយុវតីទាំងអស់ បានយល់ច្បាស់អំពីការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ និងការនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ ការរីកចម្រើនទាំងផ្នែកវិស័យសេដ្ឋកិច្ច វិស័យអប់រំ និងវិស័យជាច្រើនផ្សេងទៀត ដែលនេះជាឱកាសដ៏វិសេសវិសាលសម្រាប់យុវជនយុវតីមានឱកាស ក្នុងការចូលសិក្សារៀនសូត្រ ក្រេបយកចំណេះដើម្បីពង្រឹងសមត្ថភាពខ្លួន ក្នុងការក្លាយខ្លួនជាធនធានមនុស្ស និងជាអ្នកបន្តវេនដឹកនាំទៅថ្ងៃខាងមុខ។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់នៅចំពោះមុខយុវជនទៀតថា «បើគ្មានសម្ដេចតេជោ ហ៊ុន សែន ទេ ម្ល៉េះប្រទេសកម្ពុជាយើង មិនដឹងក្លាយទៅជាផេះផង់យ៉ាងណាទេដោយសារតែរបបប្រល័យពូជសាសន៍ បានកម្ទេចប្រទេសកម្ពុជា ឲ្យស្មើនឹងសូន្យដែលប្រជារាស្រ្តកម្ពុជាទាំងមូល កើតទុក្ខលំបាកវេទនាខ្លោចផ្សាគ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានការសិក្សា គ្មានសាសនា និងគ្មានការរីកចម្រើនអ្វីទាំងអស់ដោយមួយថ្ងៃរស់មួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីសម្ដេចតេជោបានរំដោះប្រទេសជាតិចេញពីរបបខ្មៅងងឹតមក កម្ពុជាស្គាល់តែការរីកចម្រើន ការអភិវឌ្ឍ និងការបណ្ដុះបណ្ដាលយុវជនយុវតីជំនាន់ក្រោយ ឲ្យក្លាយទៅជាមនុស្សដែលមានសមត្ថភាពដឹកនាំដ៏ថ្ងៃខាងមុខ»

នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ ក៏បានប្រកាសឲ្យយុវជនគាំទ្រដល់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីកម្ពុជា គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលការលើកឡើងរបស់លោកយ៉ាងដូច្នេះ នាំឲ្យមានការស្រែកហ៊ោកញ្ច្រៀវពេញកីឡដ្ឋានខេត្តកណ្ដាលតែម្ដង ដោយធ្វើការស្រែកគាំទ្រដល់បេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃខាងមុខផងដែរ។

លោកក៏បានថ្លែងពីគុណបំណាច់អស្ចារ្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើយុទ្ធសាស្ត្រទប់ស្កាត់ការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ដែលបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ដោយចាក់បាន១០០ភាគរយ ដែលនេះជាគោលនយោបាយ និងជាការគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។

ការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទាំងប្រទេសនេះ ជាការខិតខំប្រឹងប្រែងទាំងថ្ងៃ ទាំងយប់ គ្មានគិតពីការនឿយហត់លំបាកឡើយពីសំណាក់សម្ដេចតេជោ ក្រុមការងារទាំងអស់ ដែលបានធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋទូទាំងប្រទេសចេញពីយប់ខ្មៅងងឹត នៃជំងឺកូវីដ១៩។

បន្ថែមលើសនេះ លោក គង់ សោភ័ណ្ឌ ក៏បានលើកទឹកចិត្តជំរុញដល់យុវជនទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រធ្វើខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសមត្ថភាព និងត្រូវមានមោទនភាពចំពោះខ្លួនឯង ថាជាយុវជនខេត្តកណ្ដាល យុវជនកម្ពុជា និងត្រូវធ្វើខ្លួនឲ្យក្លាយជាមនុស្សដែលមានសមត្ថភាពពេញលេញបង្ហាញលើឆាកអន្តរជាតិ។

ស្ថិតក្នុងឱកាសនេះដែរ លោក ចេង សំអ៊ុល ប្រធានធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឲ្យដឹងថា ការប្រកួតនេះ មានរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែមករា។ ក្រុមដែលបានដាក់ពាក្យ ចូលរួមប្រកួតសរុបចំនួន៥២៥នាក់ ក្នុងនោះស្រី១២នាក់ ចែកចេញជា២វិញ្ញាសាគឺ៖ វិញ្ញាសា កីឡាបាល់ទាត់ ចំនួន១៩ក្រុម ស្មើនឹង៤៣៧នាក់ និងវិញ្ញាសា កីឡាប៉េតង់ ចំនួន២២ក្រុម ស្មើនឹង៨៨នាក់៕