(មេនឆេស្ទើ)៖ ខ្សែបម្រើ Manchester United កីឡាករ Paul Pogba ទំនងជាមិនអាចវិលត្រឡប់មកហ្វឹកហាត់ពេញលេញវិញ សម្រាប់រយៈពេល ១ខែទៀត ដោយសារលោកបន្តជាសះស្បើយពីរបួសក្រលៀន។ នេះបើតាមសម្តីអ្នកចាត់ការបណ្តោះអាសន្ន លោក Ralf Rangnick បានលើកឡើង មុនពេលការប្រកួតជុំទី៣ លីគ FA Cup នាថ្ងៃចន្ទសប្តាហ៍ក្រោយ ដែលត្រូវប៉ះនឹងក្រុម Aston Villa។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

កីឡាករវ័យ២៨ឆ្នាំ ដែលបានរងរបួសនៅក្នុងការបំពេញតួនាទីអន្តរជាតិ ជាមួយក្រុមជម្រើសជាតិបារាំងកាលពីខែវិច្ឆិកានោះ បានចំណាយពេលជាច្រើនសប្តាហ៍ នៅទីក្រុង Dubai ដើម្បីស្តារនីតិសម្បទា មុនពេលវិលត្រឡប់ទៅអង់គ្លេសកាលពីខែមុន។

«តាមដែលខ្ញុំដឹង ហើយដូចដែលខ្ញុំបានប្រាប់ ១សប្តាហ៍មុន វាអាចត្រូវការពេលវេលា យ៉ាងហោចណាស់ ៤ឬ៥សប្តាហ៍ទៀតមុនពេលគាត់អាចត្រឡប់ មកហ្វឹកហាត់ម្តងទៀត» នេះបើតាមលោក Rangnick បានប្រាប់គេហទំព័ររបស់ក្លិបនាថ្ងៃសៅរ៍នេះ។

កីឡាករ Pogba ដែលកិច្ចសន្យារបស់លោកនឹងផុតកំណត់នៅចុងរដូវកាលនេះនោះ ត្រូវបានគេរាយការណ៍ថា បានបដិសេធការអះអាង ក្នុងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស ដែលលោកត្រូវបានគេផ្តល់នូវកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Old Trafford៕