(ប៉ារីស)៖ កីឡាករ Lionel Messi នឹងអវត្តមានការប្រកួតក្នុងលីគ Ligue 1 របស់ក្លិប Paris St Germain ដែលត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Olympique Lyonnais នាថ្ងៃអាទិត្យនេះ ខណៈលោកបន្តធូរស្បើយពីជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានវិលត្រឡប់ទៅកាន់ទីក្រុង Paris ពីមាតុភូមិរបស់លោក បន្ទាប់ពីធ្វើតេស្តរកឃើញអវិជ្ជមានកូវីដ១៩ ប៉ុន្តែមិនទាន់អាចចូលរួមប្រកួតបាននៅឡើយទេ។

«Lionel Messi នឹងបន្តអនុវត្តពិធីសារ ក្រោយពេលជាពីកូវីដ១៩ ជាលក្ខណៈបុគ្គលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត» នេះបើតាមក្លិប PSG បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

Messi វ័យ ៣៤ឆ្នាំជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួន ដែលបានលាប់កូវីដ១៩ ក្នុងពេលឈប់សម្រាកការប្រកួតលីគ Ligue 1។

PSG បានឲ្យដឹងថា កីឡាករ Angel Di Maria, Julian Draxler, Danilo Pereira, Gianluigi Donnarumma និងកីឡាករ Layvin Kurzawa បាននឹងកំពុងបន្តធ្វើចត្តាឡីស័កនៅឡើយ បន្ទាប់ពីវិជ្ជមានកូវីដ១៩។

ក្រុមដែលដឹកនាំដោយលោក Mauricio Pochettino បាននឹងកំពុងឈរនៅកំពូលតារាងជាមួយនឹង ៤៦ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ១៩ប្រកួត មាន១០ពិន្ទុ លើក្រុមលំដាប់ទី២ Olympique de Marseille៕