(រ៉ូម)៖ ក្លិបបាល់ទាត់ Fiorentina របស់អ៉ីតាលី បានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek លេងក្នុងលក្ខខណ្ឌខ្ចីជើង ផ្ទេរមកពីក្លិបអាល្លឺម៉ង់ Hertha Berlin ជាមួយនឹងជម្រើសអាចទិញដាច់ផងដែរ។ នេះបើតាមការប្រកាសពីក្លិបអ៉ីតាលី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។

ការផ្ទេរនេះបានបង្ហាញពីការវិលត្រឡប់ទៅលេងនៅលីគ Serie A វិញ សម្រាប់កីឡាករវ័យ ២៦ឆ្នាំរូបនេះ ដែលបានស៊ុតបញ្ចូលទី ២៦គ្រាប់ក្នុងចំណោម ៥៥ប្រកួតនៅក្នុងលីគកំពូលអ៉ីតាលី នៅអំឡុងពេលលេងឲ្យក្លិប Genoa និង AC Milan នៅចម្លោះខែកក្កកដា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០២០។

Piatek នឹងពាក់អាវលេខ១៩ ក្នុងក្រុម Florence។ នេះបើតាមការឲ្យដឹងពីក្លិប Fiorentina ក្នុងសេចក្តីថ្លែងការណ៍។

លោកធ្លាប់លេងបាន ២១ប្រកួត ឲ្យក្រុមជម្រើសជាតិប៉ូឡូញ។ Piatek បានព្យាយាមក្នុងការបង្កើតឥទ្ធិពលនៅអាល្លឺម៉ង់ក្នុងរដូវកាលនេះ។ ដោយស៊ុតបាន ១គ្រាប់ក្នុងការបង្ហាញខ្លួន ៩ប្រកួតនៃលីគ Bundesliga៕