(ភ្នំពេញ)៖ ជាទូទៅ រាល់ការបង្កើតកិច្ចសន្យានីមួយៗ គឺតែងតែមានការចងភ្ជាប់ជាមួយនូវកាតព្វកិច្ចរវាងគូភាគី នៃកិច្ចសន្យា។ ចំពោះកាតព្វកិច្ច នៅក្នុងកិច្ចសន្យាទៀតសោត ក៏អាចរលត់ទៅវិញបានផងដែរ ដោយមានមូលហេតុផ្សេងៗពីគ្នា ដែលមានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ដូចជា ការរលត់កាតព្វកិច្ចដើមរវាងម្ចាស់បំណុល និងកូនបំណុល ដោយបង្កើតកាតព្វកិច្ចថ្មីជំនួសកាតព្វកិច្ចដើមនោះ។

តើការរលត់កាតព្វកិច្ចដើម ជំនួសកាតព្វកិច្ចថ្មីនេះអាចយកមកប្រើប្រាស់បាននៅពេលណា?

ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការរលត់កាតព្វកិច្ចដើម ជំនួសកាតព្វកិច្ចថ្មី» មកបង្ហាញជូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។

យោងតាមក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ការរលត់កាតព្វកិច្ចដើម ជំនួសកាតព្វកិច្ចថ្មីនេះ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗទៀត ដែលនាំឱ្យមានការរំលត់កាតព្វកិច្ច ដែលនៅក្នុងច្បាប់ហៅថា «នវកម្ម» ដោយនវកម្មនេះ សំដៅទៅលើកិច្ចសន្យារវាងម្ចាស់បំណុល និងកូនបំណុលដែលរំលត់កាតព្វកិច្ចដើម ហើយបង្កើតកាតព្វកិច្ចថ្មី ជំនួសកាតព្វកិច្ចដើមនោះ។ ឧទាហរណ៍៖ កាតព្វកិច្ចដែលមានគោលបំណងផ្ដល់ជាវត្ថុ ប្ដូរទៅជាកាតព្វកិច្ចដែលមានគោលបំណងសងជាប្រាក់ ឬ កាតព្វកិច្ចចំពោះថ្លៃលក់ប្ដូរទៅជាកាតព្វកិច្ចខ្ចីបរិភោគ។

ចំណែកឯសិទ្ធិលើការបញ្ចាំ ហ៉ីប៉ូតែក ឬ ប្រាតិភោគផ្សេងទៀតដែលបានបង្កើតឡើង ដើម្បីធានាកាតព្វកិច្ចដើម អាចផ្ទេរដើម្បីធានាកាតព្វកិច្ចថ្មី ក្នុងទំហំនៃកាតព្វកិច្ចដើម ដោយការព្រមព្រៀងគ្នារបស់គូភាគីនៃកិច្ចសន្យានវកម្មបាន។ ប៉ុន្តែ ប្រាតិភោគដែលត្រូវបានដាក់ដោយតតិយជន មិនត្រូវផ្ទេរឡើយ លើកលែងតែមានការយល់ព្រមពីតតិយជននោះ។

នៅក្នុងការរំលត់កាតព្វកិច្ចដើម ហើយបង្កើតកាតព្វកិច្ចថ្មីជំនួសកាតព្វកិច្ចដើមវិញដោយនវកម្ម ក្នុងករណីប្រសិនបើកាតព្វកិច្ចថ្មីមិនបានបង្កើតអានុភាព ដោយសារមូលហេតុណាមួយ ដូចជា មូលហេតុមិនស្របច្បាប់ ឬ ភាគីពាក់ព័ន្ធមិនអាចព្យាករបាន នោះគោលបំណងនៃនវកម្ម គឺមិនត្រូវបានសម្រេចទេ ហើយកាតព្វកិច្ចដើមក៏មិនត្រូវបានរលត់ដែរ។ ចំពោះមូលហេតុមិនស្របច្បាប់ គឺសំដៅទៅលើភាពផ្ទុយនឹងបញ្ញត្តិនៃច្បាប់ ភាពផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ។

ឧទាហរណ៍៖ កិច្ចសន្យានវកម្មដែលរំលត់កាតព្វកិច្ចដើមរបស់កូនបំណុល ដែលត្រូវសងប្រាក់កម្ចីទៅឱ្យម្ចាស់បំណុល ហើយបង្កើតកាតព្វកិច្ចថ្មី ដែលកូនបំណុលត្រូវផ្ដល់គ្រឿងញៀនចំនួន ១០គីឡូក្រាម ទៅឱ្យម្ចាស់បំណុលវិញ ត្រូវចាត់ទុកជាមោឃៈ ដោយសារកិច្ចសន្យានវកម្មនេះផ្ទុយនឹងបញ្ញត្តិនៃច្បាប់ ក្នុងករណីនេះ កាតព្វកិច្ចដើមមិនត្រូវរលត់ឡើយ។

ចំណែកឯមូលហេតុដែលភាគីពាក់ព័ន្ធមិនអាចព្យាករបាន ក៏កាតព្វកិច្ចដើមមិនត្រូវរលត់ដែរ។ ឧទាហរណ៍៖ ក្នុងករណីកិច្ចសន្យានវកម្មចែងថា លោក (ក) ត្រូវមានកាតព្វកិច្ចសងប្រាក់កម្ចីទៅឱ្យ លោក (ខ) ត្រូវរលត់ដោយកាតព្វកិច្ចថ្មី ដែលលោក (ក) ត្រូវប្រគល់រថយន្តរបស់ខ្លួន ចំនួន ០១ គ្រឿង ដែលមានតម្លៃស្មើនឹងប្រាក់កម្ចី ជូនលោក (ខ) ជំនួសវិញ។ ប៉ុន្តែស្រាប់តែដល់ថ្ងៃប្រគល់រថយន្ត ក៏មានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរថយន្តនោះខូចខាតទាំងស្រុង មិនអាចប្រគល់ជូនលោក (ខ) បាន ក្នុងករណីនេះកាតព្វកិច្ចដើមក៏មិនត្រូវបានរលត់ដូចគ្នា។

សរុបជារួម ការរលត់កាតព្វកិច្ចដើម ជំនួសកាតព្វកិច្ចថ្មី គឺជាមូលហេតុនៃការរំលត់កាតព្វកិច្ចមួយ ដែលគេតែងតែយកមកប្រើប្រាស់សម្រាប់សកម្មភាពប្រចាំថ្ងៃ នៅពេលដែលម្ចាស់បំណុល និងកូនបំណុល មានគោលបំណងចង់ផ្លាស់ប្ដូរនូវកាតព្វកិច្ច ដោយបង្កើតកាតព្វកិច្ចថ្មីជំនួសមកវិញនូវកាតព្វកិច្ចដើម៕

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រៀម គីមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.