(បរទេស)៖ កាមេរូន បានវាយបកយកជ័យជម្នះ ២-១ វិញទៅលើក្រុមភ្ញៀវប៊ូគីណេហ្វាសូ នាថ្ងៃបើកឆាកពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Afirica Cup of Nations 2022 នៅរាត្រីថ្ងៃអាទិត្យ។

កីឡាករប្រធានក្រុម Vincent Aboubakar ជាអ្នកស៊ុតបាល់ ១១ម៉ែត្របានសម្រេចជួយកាមេរូនសង្រ្គោះ ៣ពិន្ទុមកវិញនៅថ្ងៃបើកឆាក និងសំឡឹងឃើញការឈ្នះពាន Cup of Nations ជាលើកទី៦ របស់កាមេរូននេះផងដែរ ចំពោះពានប្រចាំទ្វីបអាហ្វ្រិកមួយនេះដែលត្រូវបានពន្យារពេល ១ឆ្នាំផងដែរដោយសារវិបត្តិកូវីដ-១៩។

ក្នុងជំនួបដ៏ស្វិតស្វាញនៅថ្ងៃបើកឆាកនោះដែរ កីឡាករ Gustavo Sangare ជាអ្នករកបានគ្រាប់បាល់បើកឆាកឲ្យប៊ូគីណេហ្វាសូ ជាមួយ Volley ជើងឆ្វេងយ៉ាងស្អាតចូលទី នៅមុនពេលកាមេរូនរកបានគ្រាប់តាមស្មើវិញនៅរយៈពេល ១៦នាទីបន្ទាប់ដោយបាល់ប៉េណាល់ទីទាំង ២គ្រាប់ ស៊ុតដោយប្រធានក្រុមខាងលើទាំងអស់។

ម្ចាស់ផ្ទះកាមេរូន បានកំពុងស្វែងរកបានពាន Africa Cup of Nations ជាលើកទី៦ របស់ពួកគេ និងបន្តជួបក្រុមអេត្យូពី នៅរាត្រីថ្ងៃព្រហស្បតិ៍ជាបន្តទៀតពីវគ្គសន្សំពិន្ទុប្រចាំពូល A របស់ពួកគេ៕