(ប៉ារីស)៖ កីឡាការិនីខ្សែបម្រើ Aminata Diallo បានត្រឡប់មកហ្វឹកហាត់ជុំគ្នាក្នុងក្លិបបារាំង Paris Saint-Germain វិញហើយ បន្ទាប់ពីអវត្តមានតាំងពីខែធ្នូ ឆ្នាំ២០២១ មក ពីបទវាយមិត្តរួមក្រុមរហូតត្រូវបានប៉ូលិសឃាត់ខ្លួននោះ។

កីឡាការិនីសញ្ជាតិបារាំង Diallo វ័យ ២៦ឆ្នាំ ត្រូវបានប៉ូលិសបារាំងដោះលែងឲ្យមានសេរីភាពដោយពុំពិន័យអ្វីឡើយនាខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ក្រោយការស៊ើបអង្កេតចប់សព្វគ្រប់នោះ ពីបទវាយមិត្តរួមក្រុម Kheira Hamraoui ដែលលេងឲ្យក្លិបប្រចាំរដ្ឋធានីបារាំងខាងលើដូចគ្នា។

Diallo បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម និងប្រកួតឡើងវិញកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយពេលអវត្តមាន ២ខែមកនេះ និងត្រូវបានដាក់ឲ្យចូលលេងផងដែរនៅនាទី៧៧ ពេល PSG បានយកឈ្នះ Dijon ដោយបាល់ ១១ម៉ែត្រក្នុងពាន Coupe de France ថែមទៀតផង។

ការវិលវិញរបស់ Diallo នេះដែរ ត្រូវបានអ្នកចាត់ការទូទៅ Didier Olle-Nicolle ចាត់ទុកថា ជាការវិលត្រឡប់ដ៏អស្ចារ្យផងដែរ ដ្បិតក្រុមបន្តឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយ គ្រាដែលកីឡាការិនីដែលត្រូវបាននាងវាយនោះ មិនត្រូវជ្រើសរើសចូលលេងវគ្គ ១៦ក្រុមនៃពាន Coupe of France នោះទេ៕