(បរទេស)៖ យោធារបស់ប្រទេសស្វីស ត្រូវបានហាមឃាត់ការប្រើប្រាស់កម្មវិធីផ្ញើសារ និងជជែកកម្សាន្ត WhatsApp, Signal និង Telegram ក្រោមហេតុផលសុវត្ថិភាពទិន្នន័យ និងតម្រូវឱ្យប្រើប្រាស់កម្មវិធីក្នុងស្រុកជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃនេះ ១០ ខែមករា ឆ្នាំ២០២២។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសស្វីសបានជូនដំណឹងដល់មេបញ្ជាការយោធាទាំងអស់អំពីការហាមឃាត់នេះ ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២១ ដោយបានបញ្ជាក់ថា យោធាទាំងអស់ត្រូវឈប់ប្រើកម្មវិធីទាំង៣ខាងលើ និងងាកមកប្រើកម្មវិធី Threema ដែលបង្កើតដោយក្រុមហ៊ុនក្នុងស្រុកវិញ ហើយការហាមឃាត់នេះគឺត្រូវអនុវត្តទាំងការទំនាក់ទំនងនៅក្នុងយោធា និងផ្ទាល់ខ្លួន។

ប្រភពដដែលបានបន្ថែមទៀតថា ការហាត់នេះគឺដើម្បីទប់ស្កាត់បទល្មើសតាមប្រព័ន្ធអនឡាញ និងសុវត្ថិភាព ស្ថេរភាពទិន្នន័យប្រទេសជាតិ ហើយក៏លើកទឹកចិត្តចំពោះ ឲ្យប្រើប្រាស់កម្មវិធីក្នុងស្រុកផង ប៉ុន្តែគេមិនបានដឹងថា នឹងមានការពិន័យ ឬដាក់ទោសក្នុងកម្រិតណាទេ ចំពោះអ្នកដែលមិនឈប់ប្រើកម្មវិធីទាំង៣ខាងលើ។

Threema ជាកម្មវិធីស្របច្បាប់របស់ប្រទេសស្វីស និងអនុលោមតាមបទប្បញ្ញត្តិការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប មិនដូចកម្មវិធីបរទេសទេ។

គួរបញ្ជាក់ផងដែរថា ក្រសួងការពារជាតិរុស្ស៊ីក៏បាននិយាយកាលពីឆ្នាំមុនថា ខ្លួននឹងបង្កើតកម្មវិធីស្មាតហ្វូន និងទូរស័ព្ទសម្រាប់អ្នកបម្រើនៅមូលដ្ឋានយោធា ដើម្បីសុវត្ថិភាពទិន្នន័យ៕