(ភ្នំពេញ)៖ លោក លន់ សាមឌី អក្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចាត់ទុកការបង្កើតពានរង្វាន់ T.Y Media E-Champion រដូវកាលទី១ លើវិញ្ញាសា Mobile Legend គឺជាការរួមចំណែកដ៏សំខាន់ ដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្ស ទាំងកីឡាករ និងមន្ដ្រីបច្ចេកទេសត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

អគ្គលេខាធិការសហព័ន្ធខាងលើ បានគូសបញ្ជាប់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ តាមរយៈការប្រកួតនេះ សហព័ន្ធបានធ្វើការគាំទ្រពេញទំហឹង ក្នុងការផ្ដល់នូវជំនួយបច្ចេកទេស ដើម្បីជំរុញការរៀបចំការប្រកួតនេះ ឲ្យដំណើរការរលូន និងទទួលបានជោគជ័យ ស្របតាមនិយាមបច្ចេកទេសការប្រកួតអន្ដរជាតិ។

លោកបន្ដថា បច្ចុប្បន្នវិញ្ញាសា Mobile Legend កំពុងរីកចម្រើន និងមានការប្រកួតជាច្រើន ។ ដូច្នេះការប្រកួតពានរង្វាន់ដ៏ធំនេះ គឺជាការួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដែលកំពុងពិនិត្យពិចារណា និងពង្រឹងការអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសកីឡាករលើវិញ្ញាសាមួយចំនួន សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនោះក៏មានវិញ្ញាសានេះដែរ។

លោក ធី វ៉ាយ អគ្គនាយកក្រុមហ៊ុន ធី វ៉ាយ មេឌា បានបង្ហាញនូវភាពរីករាយ ដែលទទួលបានកិច្ចសហការ និងការគាំទ្រពីសហព័ន្ធ ក្នុងការរៀបចំព្រឹត្ដិការណ៍នេះឡើង ដើម្បីចូលរួមបង្កើនធនធានកីឡាករ និងមន្ដ្រីបច្ចេកទេស ត្រៀមដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣ ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ដោយសម្រិតសម្រាំងក្រុមខ្លាំងៗ ៦ក្រុមចូលរួមប៉ុណ្ណោះ។

ជាមួយការប្រកួតពានរង្វាន់ T.Y Media E-Champion រដូវកាលទី១ នេះដែរ គឺមានប្រាក់រង្វាន់សរុបរហូតដល់ ១០០លានរៀលឯណោះ ក្នុងនោះក្រុមជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ៥០លានរៀល, លេខ២ ទទួលបាន ២៥លានរៀល, លេខ៣ ទទួលបាន ១៥លានរៀល និងលេខ៤ ទទួលបាន ៤លានរៀល។ រីឯក្រុមមិនបានឡើងវគ្គបន្ដ ក៏ទទួលបានការឧបត្ថម្ភលើកទឹកចិត្តចំនួន ១លាន ៥សែនរៀលផងដែរ៕