(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោន បានប្រកាសបន្ដកិច្ចសន្យាជាមួយកីឡាករ ៥រូបទៀត រួមមានប្រធានក្រុម អ៊ន ចាន់ប៉ូលីន, យ៉ើ ម៉ូស្លីម, ជួន ចាន់ចាវ និងអ្នកចាំទី សាវែង សំណាង ព្រមទាំងខ្សែប្រយុទ្ធអ៊ុយក្រែន Valeriy Hryshyn ខណៈកីឡាករភាគច្រើន ត្រូវលេងឲ្យក្រុមសិង្ហក្រហមនេះ រហូតដល់ឆ្នាំ២០២៥។

បន្ទាប់ពីរួមចំណែកជួយក្រុមគ្រងជើងឯកលីគកំពូលកម្ពុជា លើកទី៧ ក្នុងប្រវត្តិសាស្ដ្រក្លិប កីឡាករ Valeriy Hryshyn ត្រូវបានក្លិបសម្រេចបន្ដកុងត្រា ១រដូវកាលទៀត ក្នុងឆ្នាំ២០២២ នេះ ។ រីឯប្រធានក្រុម អ៊ន ចាន់ប៉ូលីន ត្រូវក្លិបបន្ដកុងត្រាដល់ឆ្នាំ២០២៤ ។ ចំណែកកីលាករ យ៉ើ ម៉ូស្លីម, ជួន ចាន់ចាវ និង សាវែង សំណាង ត្រូវរួមរស់រហូតដល់ឆ្នាំ២០២៥ ។

មកទល់ពេលនេះ ភ្នំពេញក្រោន មានកីឡាករបរទេស ៤រូបក្នុងដៃ រួមមានកីឡាករ Valeriy Hryshyn ព្រមទាំងខ្សែប្រយុទ្ធកូឡុំប៊ី Andres Nieto, ខ្សែបម្រើជប៉ុន Yudia Ogawa និងមិត្តរួមជាតិ Ose Takaki ដែលត្រូវបានក្លិបប្រកាសបន្ដកុងត្រា កាលពីថ្មីៗ ។ ប៉ុន្ដែក្លិបនៅមិនទាន់ប្រកាសនាំចូលកីឡាករថ្មីនោះទេ ក្រៅពីស្វាគមន៍ការត្រឡប់ត្រឡប់របស់ខ្សែការពារ សឿត បារាំង និងអ្នកចាំទី កង់ ចាន់វុទ្ធី ដែលត្រូវបានក្លិបអង្គរថាយហ្គឺរ និងគិរីវង់ ខ្ចីជើងកាលពីរដូវកាលឆ្នាំ២០២១ កន្លងទៅ៕