(បរទេស)៖ ក្រុមហ៊ុន Samsung បានប្រកាសថានឹងបិទ Tizen Store នៅលើទូរស័ព្ទរបស់ពួកគេដែលដំណើរការដោយ Tizen OS ជាផ្លូវការហើយដោយមិនសូវទទួលបានជោគជ័យនៅលើកម្មវិធីនេះនៅក្នុងកំឡុងពេលដាក់ឱ្យដំណើរការរយៈពេលប៉ុន្មានឆ្នាំនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។

នៅក្នុងខែ មិថុនា ឆ្នាំ២០២១ ក្រុមហ៊ុននេះបានបិទការប្រើប្រាស់ទៅលើ Tizen Store នឹងអាចប្រើប្រាស់បានសម្រាប់តែអ្នកធ្លាប់ប្រើប្រាស់នឹងទាញយកកម្មវិធីពីមុនមកតែប៉ុណ្ណោះ។

ការបិទលែងឱ្យប្រើប្រាស់ដោយដំណើរការ Tizen Store នេះចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មកម្លេះ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ទូរសព្ទរបស់ Samsung កន្លងមក ដែលដំណើរការដោយ Tizen OS នោះ គឺស្ថិតក្នុងត្រកូល Z របស់គេ ដែលរួមមានដូចជា Samsung Z1, Z2, Z3 និងចុងក្រោយគេជាម៉ូឌែល Z4 ត្រូវបានចេញផ្សាយកាលពីក្នុងឆ្នាំ ២០១៧ កន្លងទៅគឺលែងអាចប្រើប្រាស់បានទៀតហើយ។ ដូច្នេះសម្រាប់អ្នកដែលកំពុងប្រើប្រាស់ទូរសព្ទរបស់ Samsung ទាំងប៉ុន្មានម៉ូឌែលនេះប្រហែលជាត្រូវដល់ពេលផ្លាស់ប្តូរទៅប្រើ Android ឬ iOS វិញហើយ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Samsung នៅពេលនេះគឺបានចេញឆ្ងាយពី Tizen Store ហើយសូម្បីតែនាឡិការឆ្លាតរបស់ពួកគេក៏បានប្តូទៅប្រើប្រាស់ដំណើរការ Wear OS របស់ Googleផងដែរជាពិសេសនោះគឺម៉ូឌែល Galaxy Watch4 នេះតែម្តង។