(កូរ៉េ)៖ តារាសម្តែងជើងចាស់របស់កូរ៉េ ដែលមានឈ្មោះថា O Yeong Su ពាក់អាវលេខ ០០១ ក្នុងរឿងល្បី «Squid Game» ត្រូវបានប្រកាសថា ឈ្នះពានរង្វាន់ «Best Supporting Actor» ពីកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់អាមេរិក «Golden Globes» ឆ្នាំ២០២២។ ប្រការនេះ បានធ្វើឲ្យលោក ជាប់ឈ្មោះជាតារាសម្តែងកូរ៉េដំបូងបង្អស់ ដែលទទូលបានពានរង្វាន់ផ្នែកនេះ ពីកម្មវិធី «Golden Globes»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All-KPOP នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

បន្ទាប់ពីប្រកាសលុបចោលការប្រារព្ធពិធីធំដុំនៅក្នុងឆ្នាំនេះ ដោយសារការរីករាលដាលកូវីដ-១៩ អូមីក្រុងនៅអាមេរិក និងបញ្ហាមួយចំនួនទៀត ដូចជាការធ្វើពហិការជាដើមនោះ។ ជាក់ស្តែង នៅថ្ងៃទី០៩ ខែមករា ចុងសប្តាហ៍កន្លងទៅនេះ កម្មវិធីប្រចាំឆ្នាំ «Golden Globes» បានធ្វើឡើងនៅទីក្រុង Los Angeles តែយ៉ាងណាឆ្នាំនេះ គឺធ្វើឡើងលក្ខណៈឯកជន មិនមានការផ្សាយផ្ទាល់តាមទូរទស្សន៍ទេ ពោលគឺត្រឹមតែការប្រកាសឈ្មោះអ្នកឈ្នះប៉ុណ្ណោះ។

ភ្លាមៗបន្ទាប់ពីម្ចាស់ពានរង្វាន់នានាត្រូវបានអ្នករៀបចំកម្មវិធីនេះ ប្រកាសបន្តបន្ទាប់ ស្រាប់តែលោក O Yeong Su ពាក់អាវលេខ ០០១ ក្នុងរឿងល្បី «Squid Game» បានជាប់ឈ្មោះ ឈ្នះបានពានរង្វាន់ «Best Supporting Actot» ដែលធ្វើឲ្យលោកជាតារាកូរ៉េដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ «Golden Globes» ឈ្នះពានរង្វាន់មួយនេះ។

គួរជម្រាបថា កម្មវិធីប្រគល់ពានរង្វាន់ដ៏ល្បីរបស់អាមេរិក «Golden Globes» ត្រូវបានគេដឹងថា មានបញ្ហាដ៏ធំមួយនៅពីក្រោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយល្បីៗ លំដាប់ពិភពលោកជាច្រើន ធ្វើពហិការមិនចូលរួមកម្មវិធីនេះទេ ហើយក៏មិនទទួលយកពានរង្វាន់ដែលត្រូវទទួលផងដែរ ដោយអះអាងថា កម្មវិធីនេះ មានអំពើពុករលួយ និងមានការរើសអើងជាដើម។ ប្រព័ន្ធផ្សព្វផ្សាយកន្លងទៅ ដែលប្រកាសមិនចូលរួមមានដូចជា Netflix, Amazon, និង Warner Media ជាដើម ហើយបញ្ជាក់ថា នឹងចូលរួម ប្រសិនបើអ្នករៀបចំកម្មវិធីនេះ យល់ព្រមក្នុងការកែតម្រូវនូវអ្វី ដែលគេយល់ថាមិនត្រឹមត្រូវ៕