(ឥណ្ឌូនេស៊ី)៖ អតីតខ្សែប្រយុទ្ធក្លិបព្រះខ័នរាជស្វាយរៀង Jean Befolo Mbaga Marie Privat បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរួមចំណែកជួយក្លិបថ្មី Bali United លត់ក្រុម PS Barito Putera ដោយលទ្ធផល ៣-០ សម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងសប្ដាហ៍ទី១៨ នៃលីគកំពូលឥណ្ឌូនេស៊ី (Liga 1) កាលពីម្សិលមិញ។

ត្រឹមរយៈពេល ២សប្ដាហ៍ ក្រោយចាកចេញពីក្លិបជើងឯករងលីគកំពូលកម្ពុជា Privat បានទទួលសេចក្ដីទុកចិត្តពីគ្រូបង្វឹកក្រុម Bali United ដោយដាក់ឲ្យលេងពេញ ៩០នាទី ជាមួយការបង្ហាញយ៉ាងល្អ ពោលគឺក្នុងជ័យម្នះ ៣-០ លើក្រុម PS Barito Putera ខ្សែប្រយុទ្ធសញ្ជាតិកាមេរូនរូបនេះ រកបាន ១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្ដរួមក្រុម(Assist) បញ្ចប់ទីបានសម្រេច ១គ្រាប់ទៀតផង។

ក្រោយការបង្ហាញខ្លួនលើកដំបូង គេឃើញអ្នកគាំទ្រឥណ្ឌូនេស៊ីជាច្រើនបានសម្ដែងការចាប់អារម្មណ៍ និងកោតសរសើរ ចំពោះសមត្ថភាពរបស់ខ្សែប្រយុទ្ធ ដែលធ្លាប់បង្កព្យុះភ្លៀងនៅលីគកំពូលកម្ពុជារូបនេះ ដោយគេរំពឹងថា Pirvat នឹងក្លាយជាផ្នែកដ៏សំខាន់ ដើម្បីជួយក្លិប Bali United សម្រាប់ការប្រកួតសេសសល់ នៃក្របខណ្ឌ Liga 1 ដ្បិតបច្ចុប្បន្នក្លិបកំពុងឈរលេខ៥ និងចាញ់ប្រៀបក្រុមកំពូលតារាង ៥ពិន្ទុប៉ុណ្ណោះ។

សូមបញ្ជាក់ថា Privat ត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង ប្រកាសផ្ទេរទៅក្លិប Bali United កាលពីចុងឆ្នាំ២០២១ កន្លងទៅ ក្រោយមានការព្រមព្រៀងគ្នា រវាងក្លិប ក៏ដូចជាសាមីខ្លួនផ្ទាល់។ មុនចាកចេញពីក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង Privat បានបន្សល់ទុកនូវស្នាដៃល្អៗជាច្រើននៅកម្ពុជា ដូចជាការជួយក្លិបគ្រងជើងឯកម្ដង និងជើងឯករង ២ដង រួមទាំងការឈ្នះពានស្បែកជើងមាស ២សម័យ ឆ្នាំ២០១៩-២០២០ និងការឈ្នះពានកីឡាករល្អប្រចាំឆ្នាំ២០២១ ជាដើម៕