(ភ្នំពេញ)៖ ធនាគារ ហ្វីលីព បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន PLMP Venture Capital Co., Ltd ក្នុងការផ្តល់ប្រាក់កម្ចីការសិក្សាដល់សិស្សានុសិស្សដើម្បីបន្តការសិក្សារបស់ពួកគេ ក្នុងវិស័យកសិកម្មនៅក្នុងប្រទេសអ៊ីស្រាអែល។ កម្មវិធីអប់រំនេះត្រូវបានសម្របសម្រួលតាមរយៈក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ PLMPVC ឈ្មោះ ASK (AGRI-SambathKhmer Co., Ltd)។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅទីស្នាក់ការកណ្ដាលធនាគារហ្វីលីព ដោយមានវត្តមានលោក ចាន់ ម៉ាច នាយកប្រតិបត្តិធនាគារ ហ្វីលីព ភីអិលស៊ី និងលោកបណ្ឌិត ភីតថើ លីម អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន PLMP (Venture Capital Co., Ltd) ព្រមទាំងលោកបណ្ឌិត គង់ វណ្ណៈ នាយកប្រតិបត្តិក្រុមហ៊ុន ASK (AGRI-SambathKhmer Co., Ltd.)។

លោក ចាន់ ម៉ាច នាយកប្រតិបត្តិរបស់ធនាគារ ហ្វីលីពមានប្រសាសន៍ថាការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ នឹងចូលរួមចំណែកជួយប្រជាជនកម្ពុជាជំនាន់ក្រោយ ឱ្យទទួលបានជំនាញកសិកម្មដែលមានការទទួលស្គាល់ជាអន្តរជាតិ ដើម្បីពួកគេអាចនាំយកមកអភិវឌ្ឍន៍ប្រទេសឡើងវិញ។

«វាជាការទទួលបានសិទ្ធិមួយដ៏ល្អសម្រាប់យើងក្នុងការសហការជាមួយ PLMPVC ក៏ដូចជា ASK (AGRI-SambathKhmer Co., Ltd) ក្នុងការផ្តល់ប្រាក់កម្ចីដែលមានតម្លៃសមរម្យដល់និស្សិតកម្ពុជា។ តាមរយៈកម្ចីការសិក្សា របស់ធនាគារ ហ្វីលីព សិស្សនឹងអាចបន្តក្តីស្រមៃរបស់ខ្លួន និងសម្រេចបាននូវអាជីពក្នុងក្តីស្រមៃរបស់ខ្លួនទៅថ្ងៃអនាគត»

លោក ភីតថើ លីម នាយកប្រតិបត្តិរបស់ PLMPVC បាននិយាយថា ក្រុមហ៊ុនមានទំនុកចិត្តកាន់តែខ្លាំងលើធនាគារ ហ្វីលីព ដែលមានដើមកំណើតនៅសិង្ហបុរី ហើយផ្តល់ជូននូវផលិតផល និងសេវាកម្មស្តង់ដារសិង្ហបុរី។

លោក ភីតថើ លីម បានបន្ថែមថា «យើងជឿជាក់ថា ភាពជាដៃគូនេះ នឹងជាស្ពានតភ្ជាប់និស្សិតកម្ពុជា បើកបង្ហាញមុខជំនាញកសិកម្ម ដែលបានអភិវឌ្ឍយ៉ាងល្អនៅក្នុងប្រទេសអ៊ីស្រាអែល។ វិធីនេះ ពួកគេអាចយកឧទាហរណ៍ផ្សេងៗ ដើម្បីសម្រប ឬអនុវត្តក្នុងវិស័យកសិកម្មកម្ពុជា ជាពិសេសវិស័យសន្តិសុខស្បៀង»