(ភ្នំពេញ)៖ វិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា ប្រកាសផ្ដល់អាហារូបករណ៍១០០% ជូនដល់សិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ មានពិន្ទុខ្ពស់ និងមានជីវភាពក្រីក្រ ចំនួន៩៨កន្លែង ពី ACLEDA Financial Trust និងបញ្ចុះតម្លៃ៥០% រយៈពេល៤ឆ្នាំពេញ សម្រាប់ឆ្នាំ២០២២នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា បានឲ្យដឹងថា វិទ្យាស្ថាន នឹងផ្ដល់អាហារូបករណ៍ ១០០% ជូនដល់សិស្សថ្នាក់ទី១២ ក្នុងឆ្នាំ២០២២នេះ ចំនួន៩៨កន្លែង រយៈពេល៤ឆ្នាំពេញ។

បណ្ឌិត ផុន ណារិន បានឲ្យដឹងទៀតថា អាហារូបករណ៍នេះ ផ្ដល់សម្រាប់អ្នកមានពិន្ទុខ្ពស់ និងមានជីវភាពក្រីក្រ ដោយមិនចាំបាច់ប្រឡងនោះទេ។ លើសពីនោះទៀត សិស្សមួយចំនួន អាចបានទាំងការស្នាក់នៅ និងសាច់ប្រាក់ លើការផ្ដល់អាហារូបករណ៍នេះផងដែរ អាស្រ័យលើលក្ខខណ្ឌរបស់វិទ្យាស្ថាន។

បន្ថែមពីនោះទៀត បណ្ឌិត ផុន ណារិន បានគូសបញ្ជាក់ថា ឆ្នាំ២០២២នេះ ជាឆ្នាំពិសេស ដោយវិទ្យាស្ថាន សម្រេចផ្ដល់ជូនអាហារូបករណ៍ពិសេស គឺសិស្សទាំងអស់ ដែលចប់ថ្នាក់ទី១២ ហើយចង់មករៀន នៅវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា នឹងទទួលបានអាហារូបករណ៍៥០ភាគរយ រយៈពេល៤ឆ្នាំពេញ។

បណ្ឌិត ផុន ណារិន បានឲ្យដឹងថា ចំពោះការមករៀន នៅវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា នឹងទទួលបានការអប់រំ ក្នុងកម្រិតស្ដង់ដារអន្ដរជាតិ។ លោកថា ជាចក្ខុវិស័យ របស់វិទ្យាស្ថាន គឺជាថ្នាល់អប់រំ ធុរកិច្ច ប្រកបដោយគុណភាពឈានមុខ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា និងតំបន់។

បណ្ឌិត ផុន ណារិន បានបន្ថែមទៀតថា វិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា ក៏អនុញ្ញាតឲ្យសិស្ស ដែលរៀនចប់ហើយ ពេលចេញនៅធ្វើការ ហើយមានចំណុច ណាមួយដែលមិនច្បាស់ អាចមករៀនវិញបាន ដោយឥតគិតថ្លៃផងដែរ។

គូសបញ្ជាក់ថា វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា មានផ្តល់សេវាអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព៖ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ៖ ហិរញ្ញវត្ថុ និងធនាគារ, ហិរញ្ញវត្ថុ, គ្រប់គ្រង។

ថ្នាក់បរិញ្ញាបត្រជំនាញ៖ គណនេយ្យ, ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យាហិរញ្ញវត្ថុ, បច្ចេកវិទ្យាព័ត៌មានធុរកិច្ច, ពាណិជ្ជកម្មអន្ដរជាតិ, គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង, គ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ, ភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ, ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច, ការបង្រៀនភាសាអង់គ្លេស និងវិទ្យាសាស្រ្ដ និងវិស្វកម្មកុំព្យូទ័រ។

ថ្នាក់បរិញ្ញាបត្ររងជំនាញ៖ គណនេយ្យ, ហិរញ្ញវត្ថុ និងធនាគារ, គ្រប់គ្រងអាហរ័ណ-នីហរ័ណ, ធានារ៉ាប់រង, ចលនូបត្ថម្ភ និងភាសាអង់គ្លេស៕