(ព្រះវិហារ)៖ មណ្ឌលកីឡដ្ឋានខេត្តព្រះវិហារ បានរៀបចំបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ឆ្នាំ១៩៧៩-៧ មករា ២០២២) ក្រោមវត្តមានលោក ចេង លឹមហាន់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្ត ព្រមទាំងមន្ត្រីជាច្រើនរូបទៀត នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីបិទការប្រកួតកីឡានាពេលនេះ លោក ចេង លឹមហាន់ បានថ្លែងលើកឡើងថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែល ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍ និងកត្យានុភាពព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូមឲ្យយុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡាឲ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែក រាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយ ដែលមានក្នុងធម្មជាតិ។

លោកបានថា ពិធីប្រកួតកីឡាមហាជននាពេលនេះ ធ្វើឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡា ឲ្យកាន់តែរីកចម្រើនជាលំដាប់ស្របពេល ដែលប្រទេសជាតិយើងមានសុខសន្តិភាពពិសេស គឺចូលរួមអបអរសាទរខួប ទី៤៣ ជ័យជំនះថ្ងៃ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) ក្រោមការដឹកនាំគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិក៏ដូចប្រជាជនកម្ពុជា បានរួចផុតពីរបបដ៏ខ្មៅ ងងឹត និងពោលពេញទៅដោយភាពឈឺចាប់បំផុតដែលមិនអាចបំភ្លេចបានឡើយ។ ដូច្នេះក្នុងនាមជាប្រជាជនកម្ពុជាយើង ត្រូវរួមគ្នាថែរក្សានូវសុខសន្តិភាពនេះឲ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍន៍ឲ្យ កាន់តែមានការរីកចម្រើន បន្ថែមទៀត។

សូមបញ្ជាក់ថា លទ្ធផលនៃការប្រកួតនាពេលនេះ ចំណាត់ថ្នាក់លេខ១ បាល់ទាត់បុរស បានទៅលើក្រុម ខ្លាព្រៃ CSO FC បាល់ទាត់នារីបានទៅលើក្រុម វិទ្យាល័យជាស៊ីម បាល់ទះបុរស បានទៅលើក្រុម សសយក ស្រុកគូលែន និងបាល់ទះនារីបានទៅលើក្រុម វិទ្យាល័យកំពុងស្រឡៅ៕