(អាមេរិក)៖ បើទោះបីជាកំពុងស្ថិតក្នុងស្ថានភាពនៃជំងឺរាតត្បាតកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង យ៉ាងណាក៏ដោយ ប៉ុន្តែភាពយន្ត «Spider-Man: No Way Home» សម្តែងដោយ Tom Halland ប្រមូលប្រាក់ចំណូលបានរហូតដល់ទៅ ៣៣លានដុល្លារអាមេរិក ពីការចាក់បញ្ចាំងត្រឹមរយៈពេល៣ថ្ងៃ ចុងសប្តាហ៍កន្លងទៅនេះ។ ប្រការនេះ បានធ្វើឲ្យប្រាក់ចំណូលក្នុងស្រុកសរុប កើនឡើងដល់ ៦៦៩លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

ភាពយន្ត «Spider-Man: No Way Home» ត្រូវបានគេដឹងថា បច្ចុប្បន្នកំពុងតែឈរនៅលេខរៀងទី៦ ក្នុងនាមភាពយន្តទទួលបានប្រាក់ចំណូលក្នុងស្រុក ពីការចាក់បញ្ចាំងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ ជាពិសេស នៅពេលនេះ «Spider-Man: No Way Home» ទទួលចំណូលក្នុងស្រុកកើនឡើងដល់ ៦៦៩លានដុល្លារ បានវ៉ាដាច់រឿង «Titanic» ដែលសម្តែងដោយ Leonardo DiCaprio ដែលទទួលចំណូលបាន ៦៥៩លានដុល្លារ។

អាត្រានេះ ត្រូវបានគេមើលឃើញថា នឹងបន្តកើនឡើងថែមទៀត ពោលនឹងអាចទៅឈរនៅលេខរៀងទី៥ចាប់ៗ ខណៈបច្ចុប្បន្នលេខរៀងទី៥ គឺបានទៅលើរឿង «Avengers: Infinity War» ជាមួយប្រាក់ចំណូល ៦៧៨លានដុល្លារ។

គួរជម្រាបថា រឿង «Spider-Man: No Way Home» ត្រូវបានគេចាត់ទុកថា ជាខ្សែភាពយន្តដែលរកប្រាក់ចំណូលបានច្រើនបំផុត ក្នុងរដូវកាលកូវីដ-១៩នេះ ខណៈប្រាក់ចំណូលដែលទទួលបានពីការចាក់បញ្ចាំងនៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ១,៤០៣លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២) ខណៈរឿងនេះចំណាយប្រាក់ផលិតអស់ត្រឹមតែ ២០០លានដុល្លារអាមេរិកប៉ុណ្ណោះ៕