(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរដល់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក្នុងការសិក្សាក្រោមទស្សនាទានថ្មី «គន្លងប្រក្រតីភាពថ្មី ក្នុងវិស័យអប់រំ» របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រុមហ៊ុនមីជាតិ បាននាំយកនូវសម្ភារសិក្សា និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនធំ ជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សាទួលស្រគំ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ជាមួយគម្រោង «កាតាបខ្ញុំ អនាគតខ្ញុំ» ដែលជាគំនិតផ្តួចផ្តើមរបស់មីជាតិ។

កម្មវិធីនេះ ត្រូវបានប្រព្រឹត្តឡើងក្រោមការចូលរួមដោយលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំក្រុមហ៊ុនមីជាតិ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ បុគ្គលិកក្រុមហ៊ុនមីជាតិ អាណាព្យាលបាល និងសិស្សានុសិស្ស ប្រមាណ១៥០នាក់។

សម្ភារដែលបាននាំជូនសាលា សិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានរួមមាន៖ ថ្នាំពេទ្យ ម៉ាស់ អាកុល កាតាបស្ពាយ សៀវភៅ ខ្មៅដៃ សៀវភៅគំនូរ ដបទឹក សាប៊ូលាងដៃ ដបអាល់កុល ទឹកពិសាវីតាល់ និងមីជាតិជាច្រើនកេស។

លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានថ្លែងថា ការនាំយកសម្ភារសិក្សា ក៏ដូចជាសម្ភារប្រើប្រាស់មកជូននាពេលនេះ គឺជាស្ថិតនៅក្រោមគម្រោង «កាតាបខ្ញុំ អនាគតខ្ញុំ» ដែលជាគំនិតផ្តួចផ្តើមថ្មីមួយ នៃបេសកកម្ម របស់ក្រុមហ៊ុនមីជាតិ ដែលតែង តែអនុវត្តជាប្រចាំដើម្បីផ្តល់កិច្ចគាំពារទៅដល់សង្គម។

លោកថាគម្រោង «កាតាបខ្ញុំ អនាគតខ្ញុំ» មានគុណតម្លៃ ក្នុងការចូលរួមគាំទ្រដល់វិស័យអប់រំ ដោយស្របជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិក្នុងគោលដៅទី៤ «ការអប់រំប្រកបដោយគុណភាព» តាមរយៈការផ្តល់ជូន នូវសម្ភារសិក្សាដល់សិស្សានុសិស្សដែលជួបការលំបាក និងជួយពួកគេកាត់បន្ថយការ ចំណាយលើការសិក្សាផងដែរ។ ក្នុងគោលបំណងសំខាន់មួយទៀត គឺការចូលរួមដោយផ្ទាល់ ឬប្រយោល ក្នងការកាត់បន្ថយអត្រា បោះបង់ចោលការសិក្សាដោយសារបញ្ហាហិរញ្ញវត្ថុ និងបរិយាកាសនានា ពិសេសនៅតាមតំបន់ជនបទ។

នាឱកាសនោះដែរ លោក សរ សុពុត្រា បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម របស់ក្រុមហ៊ុនមីជាតិ ដែលប្រឹងប្រែងទាំងកម្លាំងកាយចិត្ត និងធនធានក្នុងការនាំយកនូវអំណោយទាំងនេះ មកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងឱកាសវិលត្រលប់ចូលភូមិសិក្សាវិញបន្ទាប់ពីឆ្លងកាត់ និងទទួលនូវបទពិសោធន៍ នៃការអប់រំក្នុងសម័យកូវីដ១៩ ក្នុងឆ្នាំសិក្សាកន្លងមកនេះ។

លោកបានបន្តទៀតថា ការផ្តល់ជូននេះ ជាឆន្ទះដ៏វិសេសវិសាល ដែលក្រុមហ៊ុនឯកជន ចូលរួមគាំទ្រដោយផ្ទាល់តាមរយៈការបង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ស្រមតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្ដីពីការអប់រំ។

គួរបញ្ចាក់ផងដែរថា គម្រោង «កាតាបខ្ញុំ អនាគតខ្ញុំ» អាចកើតឡើងបានក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា និងមានរសជាតិខ្មែរ បង្កើតឡើងដោយជនជាតិខ្មែរ។ ឆ្លើយតបនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មីជាតិ ប្តេជ្ញាបន្តចូលរួមចំណែក ក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ៕