(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងបើកសម្ពោធដំណើរការ ផ្សារទំនើប ជីប ម៉ុង សែនសុខ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដែលជាផ្សារទំនើបដ៏ធំ និងផ្តល់ភាពសម្បូរបែបសម្រាប់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ក៏ដូចតំបន់សក្តានុពលសែនសុខ ដែលធ្វើឲ្យតំបន់នេះកាន់តែ ស៉ីវីល័យក្នុងដើមឆ្នាំ២០២២។

ស្ថាបត្យកម្មដ៏ប្រណីត និងស្រស់ស្អាតនៃផ្សារទំនើបជីប ម៉ុង សែនសុខ កំពុងតែបង្កើនសម្រស់ និងកិត្តិស័ព្ទក្នុងតំបន់សែនសុខ រួមទាំងផ្សារទំនើបនេះបង្កប់នូវគំនិតផ្សារភ្ជាប់នឹងភាពបៃតងដោយមានសួនច្បារ និងបរិយាកាសដ៏ល្អ ដែលរឹតតែផ្តល់អារម្មណ៍ស្រស់ស្រាយសម្រាប់ប្រជាពលរដ្ឋ ដែលមកកម្សាន្តក៏ដូចជាទិញទំនិញនៅក្នុងផ្សារទំនើបនេះ។

ផ្សារទំនើបជីប ម៉ុង សែនសុខ សាងសង់ឡើងលើផ្ទៃដីធំទូលាយ មានកម្ពស់ ៤ជាន់ បញ្ចប់ការសាងសង់របស់ខ្លួនដោយជោគជ័យ ដែលត្រៀមដំណើរការ និងស្វាគមន៍ប្រជាពលរដ្ឋចូលមកកម្សាន្ត និងទិញទំនិញ ដែលសុទ្ធតែមានគុណភាពខ្ពស់ តម្លៃសមរម្យ រួមទាំងការបម្រើសេវាកម្មយ៉ាងល្អ។

បើតាមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល លោក Arnaud Dufresne បានឲ្យដឹងថា «ផ្សារទំនើបជីប ម៉ុង សែនសុខ គឺជាផ្សារទំនើបបែបសហគមន៍ ដែលយើងមានភាពយកចិត្តទុកដាក់បំផុតចំពោះការផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ហើយក៏ស្ថិតក្នុងគម្រោងជីប ម៉ុងលែនដែលមានអតិថិជនជាច្រើនរស់នៅក្នុងគម្រោងនេះ។ យើងចាំបាច់មានអ្វីថ្មីនិងងាយស្រួល ដូចជាចំណតរថយន្តធំទូលាយ ភាពងាយស្រួលធ្វើដំណើរទៅកាន់ផ្សារទំនើប ព្រមទាំងមានហាងល្បីៗខុសៗគ្នា ដូចជាហាងម្ហូបអាហារ កន្លែងកម្សាន្តដ៏ធំ រោងភាពយន្តទំនើប កន្លែងក្មេងលេងដ៏ទាក់ទាញ និងហាងលក់សម្លៀកបំពាក់ល្បីៗពេញនិយម»

បន្ថែមពីលើនេះ ផ្សារទំនើប ជីប ម៉ុង សែនសុខ ក៏មានមជ្ឈមណ្ឌលកម្សាន្តកុមារដ៏ទំនើប Doozii ហាងលក់គ្រឿងអេឡិចត្រូនិក ហាងកាហ្វេនិងភេសជ្ជៈឆ្ងាញ់ៗ ហាងលក់សម្លៀកបំពាក់បុរសនារីកុមារម៉ាកល្បីៗ ហើយក៏ជាទីកន្លែងសម្រាប់ជួបជុំពិភាក្សាធុរកិច្ចជាច្រើនផងដែរ។ បន្ថែមពីលើនេះក៏មានផ្សារទំនើប Chip Mong Supermarket ដែលមានលក់ទំនិញជាច្រើនប្រភេទ, ភោជនីយដ្ឋាន និងអាហារដ្ឋាន Food Park។

ក្រៅពីទំហំដ៏ធំនៃផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្សារទំនើបនេះក៏មានចំណតរថយន្ត និងម៉ូតូ ដែលអាចចតរថយន្ដបានជាង ៤៨០គ្រឿង និងម៉ូតូ ៤៥០ គ្រឿង។ សូមបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង សែនសុខ សាងសង់ឡើងក្នុងឆ្នាំ២០១៨ ហើយបន្តសាងសង់រហូតដល់ចប់ជាស្ថាពរនៅក្នុងចុងឆ្នាំ២០២១។

បើទោះបីជាមានវិបត្តិសកលកូវីដ-១៩ ក៏ក្រុមហ៊ុន ជីប ម៉ុងរីថែល រក្សាគោលជំហរ និងចក្ខុវិស័យយ៉ាងមុតមាំ ក្នុងការសម្រេចការសាងសង់ផ្សារទំនើប ជីប ម៉ុង សែនសុខ យ៉ាងជោគជ័យ នឹងដំណើរការនៅខែមករាឆ្នាំ ២០២២ ឆាប់ៗនេះ៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
* https://www.facebook.com/chipmongsensok
* https://www.facebook.com/ChipMongMalls