(ម៉ាទ្រីដ)៖ ក្លិប FC Barcelona នៅថ្ងៃចន្ទនេះ បានបន្តកិច្ចសន្យា ជាមួយខ្សែការពារកណ្តាល Samuel Umtiti រហូតដល់ខែមិថុនា ឆ្នាំ២០២៦, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

នេះគឺជាព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈក្លិប Barca ត្រូវបានគេគិតថា បើមិនលក់ ក៏ឲ្យលេងខ្ចីជើង ទៅកាន់ក្លិបផ្សេង សម្រាប់កីឡាករវ័យ២៨ឆ្នាំនេះដែរ, ដែលរយៈពេល៣ឆ្នាំកន្លងមកនេះ បានរងរបួសជាច្រើន ហើយបានបង្ហាញខ្លួន តែ១ប្រកួតក្នុងលីគប៉ុណ្ណោះ ក្នុងរដូវកាលនេះ។

យ៉ាងណាមិញ, មិនត្រឹមតែ មិនផ្លាស់កីឡាករ Umtiti ចេញនោះទេ ក្លិបថែមទាំងបន្តកិច្ចសន្យារបស់លោក រយៈពេល៣ឆ្នាំបន្ថែមទៀត ប៉ុន្តែកាត់បន្ថយប្រាក់ខែរបស់លោក។

ក្លិប Barca នឹងប្រកួតជាមួយ Real Madrid នៅទីក្រុង Riyadh នាយប់ថ្ងៃពុធ ហើយក្រុមឈ្នះការប្រកួតនោះ នឹងត្រូវជួបក្រុមឈ្នះ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នាថ្ងៃព្រហស្បតិ៍ រវាងក្រុម Atletico Madrid និង Athletic Bilbao៕