(ឥណ្ឌា)៖ Foxconn ដែលជាក្រុមហ៊ុន និងរោងចក្រផ្គត់ផ្គង់ការផលិតទូរស័ព្ទ iPhone របស់ Apple ដែលមានទីតាំងនៅភាគខាងត្បូងប្រទេសឥណ្ឌានឹងចាប់ផ្តើមបើកដំណើរការឡើងវិញនៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះដោយដំណើរការជាមួយនឹងកម្មករ ៥០០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២។

រោងចក្រ Foxconn Sriperumbudur ក្នុងរដ្ឋ Tamil Nadu មានបុគ្គលិកប្រហែល ១៧,០០០នាក់ ដែរត្រូវបានបិទកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅបន្ទាប់ពីមានការតវ៉ា ដោយសារតែកម្មករជាង ២៥០នាក់ ដែលបានធ្លាក់ខ្លួនឈឺដោយសារការពុលអាហារ។

ក្រុមហ៊ុន Apple បានដាក់រោងចក្រឱ្យធ្វើការសាកល្បង រោងចក្រ Foxconn Sriperumbudur ប៉ុន្តែក្រោយមក បានរកឃើញមានអន្តេវាសិកដ្ឋាន និងបន្ទប់ទទួលទានអាហារមួយចំនួនមិនបានបំពេញតាមស្តង់ដារដែលត្រូវការ ក៏ត្រូវបិទរោងចក្រនោះ ជា បណ្ណោះអាសន្ន និងស្របពេលមានការតវ៉ាពីសំណាក់កម្មករផងដែរ។

បើយោងតាមលោក K Selvaperunthagai ដែលជាជាអ្នកនយោបាយឥណ្ឌា និងជាប្រធានរដ្ឋនៃផ្នែកគណៈកម្មាធិការសភា បានបញ្ជាក់ទៅ Reuters ថា រដ្ឋាភិបាលនឹងសាងសង់កន្លែងស្នាក់នៅដែលមានសមត្ថភាពអាចផ្ទុកកម្មករបានរាប់ម៉ឺននាក់ដែលមកពីឧស្សាហកម្មផ្សេងៗ នឹងដោះស្រាយកង្វល់អំពីស្តង់ដារនៃអន្តេវាសិកដ្ឋាន និងកន្លែងទទួលទានអាហារ ហើយរដ្ឋាភិបាលបានបន្ថែមទៀតថាពួកគេមិនចង់ឱ្យមានឧប្បត្តិហេតុនេះកើតឡើងម្តងទៀតនោះទេ។

គួរជម្រាបថា Tamil Nadu ជារដ្ឋដែលមានប្រជាជនជាង ៧០លាននាក់ និងជារដ្ឋមានឧស្សាហកម្មច្រើនបំផុតរបស់ប្រទេសឥណ្ឌា ត្រូវបានគេហៅថា «ទីក្រុង Detroit of Asia» ហើយក៏ជាបណ្តុំរោងចក្ររបស់ក្រុមហ៊ុនធំៗ រួមមាន BMW, Daimler, Hyundai, Nissan និង Renault៕