(អាមេរិក)៖ តារាម៉ូដែលស្រីល្បីឈ្មោះរបស់អាមេរិក គឺ Kendall Jenner បានជួបនឹងបញ្ហាមួយចំនួន បន្ទាប់ពីបុរសម្នាក់ត្រូវបានគេចាប់នៅនឹងកន្លែងភ្លាមៗ ដោយសារតែបានព្យាយាមចូលលំនៅដ្ឋានរបស់ តារាម៉ូដែលរូបនេះ ស្ថិតនៅទីក្រុង Los Angeles។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈបុរសម្នាក់ឈ្មោះ Arnold Babcock វ័យ៣១ឆ្នាំ បានព្យាយាមចូលក្នុងផ្ទះរបស់តារាម៉ូដែល Kendall Jenner ហើយក៏ត្រូវបានសន្តិសុខការពារសុវត្ថិភាពនៅទីនោះ ប្រទះឃើញ និងចាប់ខ្លួនភ្លាមៗ ដើម្បីឲ្យមន្រ្តីមានសមត្ថកិច្ចចាត់ការបន្តតាមច្បាប់។ តែយ៉ាងណា បន្ទាប់ពីបញ្ចូនទៅឲ្យប៉ូលីសមិនបានប៉ុន្មានផង បុរសរូបនេះស្រាប់តែត្រូវបានដោះលែងវិញ ព្រោះមិនមានការចោទប្រកាន់អ្វីឡើយ។

គួរជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាម៉ូដែល Kendall Jenner ត្រូវបានគេព្យាយាមចូលក្នុងផ្ទះរបស់នាង ខណៈកន្លងទៅក៏ត្រូវបានគេដឹងថា មានបុរសម្នាក់បានព្យាយាមស្វែងរកទីតាំងផ្ទះរបស់នាងនៅ LA និងសំងំនៅមុខច្រកទ្វារ ដើម្បីមានឱកាសចូលក្នុងផ្ទះរបស់នាង ប៉ុន្តែបរាជ័យ៕