(ពិភពលោក)៖ កាលពីពេលកន្លងទៅ Fresh News Plus ធ្លាប់បានបញ្ចេញអត្ថបទអំពីរូបសំណាកធំៗបំផុត នៅលើពិភពលោករួចមកហើយ ហើយលើកនេះ Fresh News Plus ក៏សូមលើកបង្ហាញអំពីបដិមា «ព្រះយេស៊ូគ្រិស្ត» ដែលល្បីល្បាញជាងគេ ខ្ពស់ជាងគេ និងចាស់ជាងគេវិញម្ដង ខណៈគ្រិស្តសាសនាក៏ជាមហាសាសនាមួយនៅលើពិភពលោកយើងនេះដែរ។

* បដិមាព្រះយេស៊ូដែលល្បីល្បាញជាងគេ

គឺព្រះបដិមា ក្រៃស៍ ដឹ រីឌីម៉ឺ (Christ the Redeemer) នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៉ីល ឬហៅតាមភាសាឡាតាំងថា គ្រីស្តូរ៉េដិនទ័រ (Christo Redentor)។ លោកអ្នកប្រហែលជាបានឃើញដោយផ្ទាល់ ឬឃើញតាមរយៈរូបភាពអំពីមហាបដិមានេះហើយ គឺបដិមានៅលើកំពូលភ្នំខូខូវ៉ាដូ (Corcovado) ស្ថិតក្នុងឧទ្យានជាតិទីជូខា ដែលមានរយៈកម្ពស់ពីនីវ៉ូទឹកសមុទ្រដល់ទៅ ៧០៩ម៉ែត្រ។

ក្នុងកិរិយាឈរឆ្កាងដៃទាំងសងខាង បែរព្រះភក្ត្រទៅកាន់ផ្ទៃសាគរ បដិមាដ៏ស្កឹមស្កៃនេះមានកម្ពស់ ៣០ម៉ែត្រ ដោយមិនរាប់ទាំងខឿនទម្រកម្ពស់ ៨ម៉ែត្រទៀតនោះឡើយ។ ចំណែកឯរយៈទទឹងពីចុងព្រះហស្តម្ខាងទៅម្ខាងទៀតគឺមានប្រវែង ២៨ម៉ែត្រ។ មួយវិញទៀត ប្រសិនបើគិតអំពីទម្ងន់បដិមាទាំងមូលវិញនោះ គឺមានទម្ងន់ដល់ទៅ ៧០០តោនឯណោះ។

បដិមាគ្រីស្តូរ៉េដិនទ័រនេះទៀតសោត ត្រូវបានសាងសង់ឡើងចាប់ពីឆ្នាំ ១៩២៦-១៩៣១ ខណៈការងារសាងសង់ត្រូវបានដឹកនាំដោយលោក ហ៉ីទ័រ ដាស៉ីលវ៉ា ខូស្តា (Heitor da Silva Costa) ដែលជាវិស្វករ និងស្ថាបត្យករជនជាតិបារាំងកាត់ប៉ូឡូញដ៏ឆ្នើមមួយរូប។

* បដិមាព្រះយេស៊ូដែលខ្ពស់ជាងគេបំផុតលើលោក

មិនទាន់មានបដិមាព្រះយេស៊ូណាមួយ អាចវ៉ាដាច់កម្ពស់របស់ព្រះបដិមា ក្រៃស៍ ដឹ ឃីង (Christ the King) នៅឡើយទេ ដែលវាមានទីតាំងស្ថិតនៅទីក្រុងស្វីបូហ្ស៉ីន (Swiebodzin) ភាគខាងលិចប្រទេសប៉ូឡូញ។ មហាបដិមានេះមានកម្ពស់ដល់ទៅ ៥២.៥ម៉ែត្រ ដែលសម្លឹងមើលទៅលើ គឺគួរឱ្យស្រៀងឆ្អឹងខ្នងមែនទែន។ គម្រោងសាងសង់ព្រះបដិមាដ៏ខ្ពស់ស្កឹមស្កៃនេះ ត្រូវបានបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១០។

អ្វីដែលពិសេសជាងនេះទៀតនោះ មនុស្សជាតិនៅទូទាំងពិភពលោក ពិសេសគឺគ្រិស្តសាសនិកខ្លួនឯងបានឯកភាពគ្នាចាត់ទុកព្រះបដិមា Christ the King នេះ ជាបដិមាព្រះយេស៊ូគ្រិស្តដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

* បដិមាព្រះយេស៊ូគ្រិស្ត ដែលគេចាត់ទុកថាមានវ័យចំណាស់ជាងគេ

គឺព្រះបដិមា គ្រីស្តូ ឌែលឡា មីណឺវ៉ា (Cristo della Minerva) ស្ថិតនៅក្នុងព្រះវិហារ សាន់តា ម៉ារៀរ សូប៉្រា មីណឺវ៉ា (Santa Maria Sopra Minerva) នៃទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ដែលមានកម្ពស់ត្រឹមតែ ២០៥សង់ទីម៉ែត្រប៉ុណ្ណោះ។

ក្នុងកិរិយាអាក្រាតកាយ បដិមានេះគ្រាន់តែជាចម្លាក់សិលាតូចមួយ ដែលត្រូវបានធ្វើឡើងតាំងពីឆ្នាំ១៥២១ មកម្ល៉េះ ប៉ុន្តែតាំងពីសម័យបុរាណនោះមក បដិមា Cristo della Minerva នេះពិតជាមានភាពល្បីល្បាញ ហើយត្រូវបាកគេរក្សាទុកបានយ៉ាងត្រឹមត្រូវ និងនៅតែមានភាពល្បីល្បាញបំផុតនៅទ្វីបអឺរ៉ុបផងដែរ។

ក្រៅពីនេះ ក៏នៅមានបដិមាព្រះយេស៊ូគ្រិស្តល្បីៗជាច្រើនទៀតដែរ ដូចជា បដិមាព្រះយេស៊ូនៅទីក្រុងសាន់សាល់វ៉ាឌ័រ (San Salvador) នៃប្រទេសអែលសាវ៉ាឌ័រ (El Salvador), បដិមាព្រះយេស៊ូនៅទីក្រុងខូខាបាមបា (Cochabamba) នៃប្រទេសបូលីវី, បដិមាព្រះយេស៊ូនៅរដ្ឋអាកាន់សាស់ (Arkansas) និងរដ្ឋអូហៃយ៉ូ (Ohio) នៃសហរដ្ឋអាមេរិក, បដិមាព្រះយេស៊ូនៅទីក្រុងវង់តាវ (Vung Tau) ខេត្តបារៀ ឬខេត្តអូរកាប់ នៃប្រទេសវៀតណាម, បដិមាព្រះយេស៊ូនៅទីក្រុងមេនដូសា (Mendoza) នៃប្រទេសអាហ្សង់ទីន ក៏ដូចជាបដិមាព្រះយេស៊ូនៅទីក្រុងលីសបោន (Lisbon) នៃប្រទេសព័រទុយហ្កាល់ជាដើម៕