(អាមេរិក)៖ ក្រុមហ៊ុនផលិតវីដេអូហ្គេមលំដាប់យក្ស Take-Two Interactive បានប្រកាសឱ្យដឹងថា ខ្លួននឹងទិញយកក្រុមហ៊ុនផលិតហ្គេម Zynga ក្នុងតម្លៃ ១១,០៤ពាន់លានដុល្លារអាមេរិកជាសាច់ប្រាក់ និងហ៊ុន ដែលនេះជាកិច្ចព្រមព្រៀងទិញលក់មួយទំហំទឹកប្រាក់ ច្រើន បំផុត នៅក្នុងពិភពក្រុមហ៊ុនផលិតហ្គេម។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា Take-Two Interactive ដែល បច្ចុប្បន្នត្រូវបានគេស្គាល់ឈ្មោះតាមរយ:ហ្គេមចោរលួចឡាន «Grand Theft Auto» និងក្រុមហ៊ុន Zynga ដែលត្រូវបានគេស្គាល់ច្បាស់ តាមរយ:ហ្គេម FarmVille បានយល់ព្រមលើកិច្ចព្រមព្រៀងទិញលក់ ក្នុងគោលដៅរួមគឺដើម្បីពង្រីកសក្ដានុពលនៅលើវិស័យហ្គេមឱ្យកាន់ តែ ធំជាងមុន។

ក្រោយពីកិច្ចព្រមព្រៀងនេះត្រូវបានប្រកាស តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Zynga បានកើនឡើងរហូតដល់ ៤៥ភាគរយភ្លាម ប៉ុន្តែតម្លៃភាគហ៊ុន របស់ក្រុមហ៊ុន Take-Two Interactive បានធ្លាក់ចុះ ១៥ភាគរយ។

គួរបញ្ជាក់ផងដែរថា Take-Two Interactive ជាក្រុមហ៊ុនផលិតវីដេអូហ្គេមដ៏ល្បី និងជាប់ចំណាត់ថ្នាក់លេខ៣នៅលើពិភពលោក ដោយបច្ចុប្បន្ននេះ មានតម្លៃក្រុមហ៊ុនរហូតដល់ ១៣ពាន់លានដុល្លារ ខណ:ដែល Zynga ជាក្រុមហ៊ុនផលិតហ្គេមលំដាប់កំពូលមួយ និង ជាដៃគូសហការដ៏ល្បីជាមួយបណ្ដាញសង្គម Facebook៕