(កោះកុង)៖ កូនឈើកោងកាងចំនួន១,០០០ដើម ត្រូវបានយកទៅដាំ ក្រោមការផ្តួចផ្តើមរបស់លោក សាយ ដោយមានការចូលរួមពីតារាចម្រៀងដ៏ល្បី លោក ព្រាប សុវត្ថិ ក្រុមហ៊ុន ISUZU និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

យុទ្ធនាការនេះ បានធ្វើឡើងក្រោមការដឹកនាំដោយលោកស្រី ឈី វ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង ប្រធាន ស.ស.យ.ក. ខេត្តកោះកុង បានដឹកនាំសមាជិកសមាជិកា ចូលរួមដាំកូនដើមកោងកាង១,០០០ដើម នៅខេត្តកោះកុង។

លោកស្រី ឈី វ៉ា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលយើងទាំងអស់គ្នា ចូលចំណែកការដាំកូនដើមកោងកាង ហើយការដាំកូនកោងកាងថ្ងៃនេះ ជាគំនិតផ្តួចផ្តើមរបស់លោក សាយ និងមានការចូលរួមពីតារាចម្រៀងលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ, ក្រុមហ៊ុន ISUZU ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង។

លោកស្រី បានថ្លែងថា «យើងទាំងអស់គ្នាបានដឹងរួចមកហើយថា ព្រៃកោងកាង គឺជាព្រៃមួយដែលមានអត្ថប្រយោជន៍ ច្រើនណាស់ដល់ជីវៈចម្រុះនៅក្នុងទឹកប្រៃ ដែលជាជម្រករបស់ត្រីសមុទ្រ ក្ដាម បង្គារ លៀស ងាវ មឹក ប្រព័ន្ធអេកូឡូស៊ី និងរក្សាបរិស្ថានសមុទ្រឲ្យមានភាពស្រស់បំព្រង ហើយជាសក្តានុពលមួយទៅវិស័យទេចរណ៍ ក្នុងការទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិផងដែរ។ នៅក្នុងប្រទេសកម្ពុជា ដើមកោងកាងមានប្រហែល៣០ ប្រភេទ (ការស្រាវជ្រាវថ្មី)។ ចំណែកឯព្រៃកោងកាង ដែលធំជាងគេបំផុតក្នុងប្រទេសយើង គឺស្ថិតនៅក្នុងខេត្តកោះកុង ហើយវាកំពុងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍នោះ»

លោកស្រីបានបញ្ជាក់ថា ដើមកោងកាងនេះមានសារៈសំខាន់ណាស់ ដែលដើមកោងការបានផ្តលនូវអត្ថប្រយោជន៍ជា ច្រើនដល់ប្រជាសហគមន៍ និងជួយដល់បរិស្ថានដូចជា៖

*ទី១៖ ដើមកោងកាងជួយឱ្យសហគមន៍មានភាពស្រស់បំព្រង ទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា នាំឲ្យបង្កើនចំណូលដល់ប្រជាសហគមន៍ផងដែរ។
*ទី២៖ ដើមកោងកាងជួយជាជំរកដល់ជីវៈចម្រុះគ្រប់ប្រភេទដូចជាក្តាមបង្គារជាដើម។
*ទី៣៖ ដើមកោងកាងជួយដល់ការការពារមិនឱ្យមានការបាក់ស្រុតឆ្នេរ ពីរលកបក់បោកជួយធ្វើឱ្យទឹកសមុទ្រមានសភាព ថ្លាល្អ ជួយបន្សុទ្ធខ្យល់អាកាសឲ្យមានគុណភាពល្អ និងមានផាសុកភាពបរិស្ថាន។

បន្ថែមពីនេះទៀត លោកស្រី សូមឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដាំកូនឈើឲ្យគ្រប់គ្នាៗ និងឈប់កាប់ទន្ទ្រាន បន្តទៀត ពីព្រោះអត្ថប្រយោជន៍នៃព្រៃឈើ នាំផាសុខភាពទាំងជីភាពរស់នៅ និងការពារគ្រោះធម្មជាតិទៀតផង៕