(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ មានរៀបចំកម្មវិធីប្រគល់កញ្ចប់នៃក្តីស្រឡាញ់ដល់សិស្សានុសិស្សចំនួន៤០០នាក់ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ ក្រោមអធិបតីភាពលោក ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស.។

លោក ប៉ៃ សំបូរ បានមានប្រសាសន៍ថា ក្នុងស្មារតីចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការអភិវឌ្ឍធនធានមនុស្ស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វ.ស.ស. ដែលជាអង្គភាពសម្របសម្រួលការងារសង្គមស៊ីវិលនៅកម្ពុជា តែងបានកៀរគរនូវជំនួយសប្បុរសធម៌និងមនុស្សធម៌នានា តាមរយៈដៃគូសង្គមស៊ីវិលទាំងជាតិនិងទាំងអន្តរជាតិ ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅនិងបំពេញនូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ដែលជាពិសេសផ្តល់នូវការលើកទឹកចិត្តដល់សិស្សានុសិស្សដែលកំពុងជួបការលំបាកនៅក្នុងបរិបទនៃការរីករាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

ជាក់ស្តែង ក្នុងការចូលរួមជាមួយវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជាសកលនៃជំងឺកូវីដ-១៩ វ.ស.ស. តែងបានសហការយ៉ាងជិតស្និទ្ធជាមួយសង្គមស៊ីវិលនានា ជាពិសេសមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) ក្នុងការចូលរួមផ្តល់នូវកញ្ចប់នៃក្តីស្រឡាញ់ ដែលរួមមានកាតាប អង្ករ ត្រីខ មីឡូ ប្រអប់ដាក់បាយ និងដបទឹក សរុបជាថវិកាចំនួន ៥១៩៤.២០ដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងជីវភាពប្រចាំថ្ងៃនៃការសិក្សារបស់សិស្សានុសិស្ស។

លោកអគ្គលេខាធិការ វ.ស.ស. បានបន្ថែមថា កម្មវិធីនាថ្ងៃនេះជាសក្ខីភាពថ្មីមួយទៀតនៃការផ្តល់អំណោយបន្ថែមលើការផ្តល់អំណោយនាពេលកន្លងមករបស់ CFPD តាមរយៈ វ.ស.ស. ជូនដល់សាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ។ អំណោយដ៏ថ្លៃថ្លានេះបង្ហាញនូវទឹកចិត្តចេះឈឺឆ្អាលជួយយកអសារគ្នារបស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនប្រជាជនកម្ពុជាដែលជាមិត្តយូរអង្វែង និងជាមិត្តដែកថែបពិត ដែលជួយគ្នាក្នុងគ្រាលំបាក។

នៅក្នុងឱកាសនេះដែរ លោក ប៉ែន សាត នាយកសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ បានថែ្លងអំណរគុណដល់ វ.ស.ស. ហើយបានបញ្ជាក់ថា កញ្ចប់ក្តីស្រឡាញ់ទាំង៤០០កញ្ចប់ ដែលបានផ្តល់ជូននាពេលនេះ ពិតជាបានចូលរួមឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងរបស់សាលារៀន ក៏ដូចជាជួយសម្រាលដល់បន្ទុកគ្រួសាររបស់សិស្សានុសិស្សដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩។