(សេអ៊ូ)៖ ក្រុមហ៊ុន LG Chem ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន LG Group របស់កូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ថា ខ្លួនគ្រោងនឹងវិនិយោគទឹកប្រាក់ ៥០០ពាន់លានវ៉ុន (ប្រហែលជាង ៤១៨លានដុល្លារអាមេរិក) រហូតដល់ឆ្នាំ ២០២៥ ដើម្បីសាងសង់រោងចក្រផលិតគ្រឿងបង្គុំសម្រាប់រថយន្តអាគុយអគ្គីសនី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២។

ក្រុមហ៊ុន LG Chem បានបន្ថែមទៀតថា រោងចក្រនេះនឹងជួយឱ្យក្រុមហ៊ុន LG Chem ធានាបាននូវសមត្ថភាពក្នុងការផលិតគ្រឿងបង្គុំសម្រាប់អាគុយរថយន្តអគ្គីសនីចំនួន ៦០,០០០ តោនក្នុងមួយឆ្នាំ ហើយត្រូវបានគេរំពឹងថានឹងក្លាយជារោងចក្រផលិតគ្រឿងបង្គុំសម្រាប់អាគុយរថយន្តអគ្គីសនីដ៏ធំបំផុតមួយនៅក្នុងពិភពលោកនៅពេលសាងសង់រួចរាល់។

គួរជម្រាបដែលថា មិនមែនមានតែក្រុមហ៊ុននេះមួយទេ ដែលផលិតគ្រឿងបង្គុំសម្រាប់អាគុយរថយន្តអគ្គីសនី នាបច្ចុប្បន្នមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានងាកមកផលិតអាគុយ និងរថយន្តអគ្គិសនី ខណ:ដែលពិភពលោកកំពុងជួបបញ្ហាកង្វះខាតបន្ទះឈីបជាសកល៕