(ភ្នំពេញ)៖ លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន បានអះអាងថា ក្នុងបាល់ទាត់សម័យទំនើបបច្ចុប្បន្ន ការហ្វឹកហាត់លើទីលានតែមួយមុខ ពុំគ្រប់គ្រាន់នោះទេ ពោលគឺត្រូវពង្រឹងការហ្វឹកហាត់កាយសម្បទាបន្ថែម ដើម្បីជំរុញការប្រកួតប្រជែងឲ្យកាន់តែមានប្រសិទ្ធភាព និងចៀសវាងការងាយរងរបួសផ្សេងៗ។ តាមរយៈនេះលោកបានជំរុញកូនក្រុមរបស់ខ្លួន ត្រូវធ្វើការងារខ្លាំង ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីក្លិបភ្នំពេញក្រោនបានចុះអនុស្សារណយោគយល់គ្នា (MOU) ជាមួយក្លិបហាត់ប្រាណ Premium Fitness នៅថ្ងៃទី១១ ខែមករានេះ ហើយអ្នកចាត់ការទូទៅក្រុមខាងលើ បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចសហការនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់ ដើម្បីរួមចំណែកពង្រឹងសមត្ថភាព និងកាយសម្បទារបស់កីឡាករខ្លួន សម្រាប់ត្រៀមការប្រកួតជាច្រើន ក្នុងឆ្នាំ២០២២ ពិសេសការប្រកួតពានរង្វាន់ AFC Cup 2022 តែម្ដង។

អតីតកីឡាករជម្រើសជាតិរូបនេះបានបន្ដថា «ដោយសារការប្រកួតនីមួយៗមានការប៉ះទង្គិចខ្លាំង។ អ៊ីចឹងគ្រាន់តែហាត់លើទីលាន គឺមិនគ្រប់គ្រាន់ទេ យើងត្រូវការហាត់កម្លាំងកាយសម្បទាផងដែរ ដើម្បីរក្សាសាច់ដុំ កុំឲ្យងាយរងរបួស ពិសេសការប្រកួតរដូវកាលបន្ទាប់នេះ ភ្នំពេញក្រោនមានភារកិច្ចច្រើន មានទាំងលីគពានរង្វាន់សម្ដេចតេជោ កីឡាករមួយចំនួនអាចនឹងជាប់ជម្រើសជាតិ ពិសេសពានរង្វាន់ AFC Cup តែម្ដង។ អ៊ីចឹងយើងត្រូវការត្រៀមខ្លួនឲ្យបានល្អផងដែរ»

លោកបន្ថែមថា «បច្ចុប្បន្នបាល់ទាត់វិវឌ្ឍន៍លឿន ហើយកីឡាករចាំបាច់ និងសំខាន់មែនទែន ត្រូវពង្រឹងកាយសម្បទា។ ចំណុចនេះ គឺជាចំណុចសំខាន់ ដែលយើងខ្វះខាតជាយូរមកហើយ និងតែងតែមើលរំលេង។ ប៉ុន្ដែបច្ចុប្បន្នបាល់ទាត់សម័យទំនើប គេហៅថា បាល់ទាត់អាជីព យើងត្រូវមានគ្រប់លក្ខណៈសម្បត្តិទាំងអស់ តាំងពីកាយសម្បទា តាំងពីកម្លាំង និងភាពអំណត់ជាដើម គឺជាចំណុចពិសេស ដែលកីឡាករគ្រប់រូបលើពិភពលោក ត្រូវពង្រឹងកាយសម្បទានេះខ្លាំងមែនទែន»

ទន្ទឹមជាមួយគ្នាលោកជំទាវ រិទ្ធ ដារ៉ាវីន អគ្គនាយិកាក្លិបហាត់ប្រាណខាងលើបានសម្ដែងនូវក្ដីរីករាយ ដែលបានរួមចំណែកគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាជាតិ ដោយផ្ដើមចេញពីកិច្ចសហការជាមួយក្លិបភ្នំពេញក្រោន។ តាមរយៈនេះ លោកជំទាវរំពឹងថា នឹងធ្វើឲ្យកីឡាករ-កីឡាការិនីកាន់តែមានកាយសម្បទានរឹងមាំ ហើយជំរុញការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាព និងជក់ចិត្តថែមទៀតនៅលើសមរភូមិវាលស្មៅ៕