(ព្រះសីហនុ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកបរវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅគ្រប់កម្រិតសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាននាំយកបរិក្ខារលាងដៃចំនួន១៩៨គ្រឿង និងឧបករណ៍វាស់កម្តៅចំនួន៩៩០គ្រឿង ដែលជាអំណោយរបស់អង្គការភ្លែនអន្តរជាតិ និង សម្ព័ន្ធ ព្រីនស៍ គ្រុប ប្រគល់ជូនសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ដើម្បីធានាបានថាសិស្សានុសិស្សជាង ៣៩ ០០០នាក់ អាចចូលរៀនវិញប្រកបដោយសុវត្ថិភាព។

ពិធីបើកបរវេសនកាលឆ្នាំសិក្សា ២០២១-២០២២ រួមទាំងការប្រគល់នូវបរិក្ខារទាំងអស់នេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ទៀត។

ថ្លែងនាឱកាសនោះលោក សាយ សំអាល់ បានឱ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមរបស់អង្គការភ្លែនអន្តរជាតិ និងការឧបត្ថម្ភសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប គ្រោងនឹងដំឡើងកន្លែងលាងដៃដែលដំណើរការ ដោយឈ្នាន់សរុបចំនួន ១៩៨ នៅទូទាំង ៩៩សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ត្រឹមខែមេសា ឆ្នាំ២០២២នេះ។ លើសពីនេះទៅទៀត មូលនិធិព្រីនស៍ ក៏បានបរិច្ចាគឧបករណ៍វាស់កម្តៅចំនួន ៩៩០គ្រឿង ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់មូលនិធិ ក្នុងការផ្តល់នូវបរិយាកាស សាលារៀន ប្រកបដោយសុវត្ថិភាពដល់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

ជាមួយគ្នានេះលោក គួច ចំរើន បានលើកឡើងនៅសាររបស់សម្តេចតេជោ ហ៊ុន សែន ដោយគូសបញ្ជាក់ថា ក្នុងខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ បន្ទាប់ពីឃើញភាពល្អ ប្រសើរនៃការចាក់វ៉ាក់សាំងទៅលើកុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅជាមួយនឹង វិធានការប្រកបដោយប្រសិទ្ធភាពនេះ យើងមានមោទនភាពដែលអាចនិយាយបានថា ថ្ងៃនេះជាទំព័រថ្មីសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសកុមារដែល ទើបតែចុះឈ្មោះចូលរៀន ដើម្បីចាប់ផ្តើមដំណើរនៃការអប់រំរបស់ពួកគេក្រោមទស្សនទានថ្មីគឺ 'គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ។

តាមរយៈការចាប់ផ្តើមជំហានដំបូងរបស់ខ្លួនក្នុងឆ្នាំថ្មីក្នុងយុទ្ធនាការ «ត្រឡប់ទៅសាលារៀនវិញ» នេះ សម្ព័ន្ធព្រីនស៍ ហូលឌីង គ្រុប បានដើរតួនាទីយ៉ាងសកម្មក្នុងការចូល រួមចំណែកពង្រឹង និងផ្តល់ភាពអង់អាចដល់សិស្សានុសិស្ស កម្ពុជា ដើម្បីឲ្យពួកគេទទួលបាននូវអនាគតដ៏ប្រសើរមួយ ហើយតួនាទីដ៏សំខាន់នេះត្រូវបានមើលឃើញ តាមរយៈការផ្តល់អាហារូបករណ៍ ចេនហ្ស៊ី ដល់សិស្សកម្ពុជាចំនួន ៤០០នាក់ ដែលជាកម្មវិធីដ៏លេចធ្លោមួយក្នុងចំណោមកិច្ច ផ្តួចផ្តើមដទៃទៀតរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។

លោក Cliff Koh ដែលជាអគ្គលេខាធិការនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឱ្យដឹងដែរថា កិច្ចផ្តួចផ្តើមក្នុងបើកសាលារៀនវិញប្រកបដោយសុវត្ថិភាពនេះ គឺជាការចូលរួម ចំណែកដ៏មានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់ កាលៈទេសៈមួយនេះ។ យើងពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើការ និងរៀនសូត្រពីអង្គការភ្លែន អន្តរជាតិ ដែលជាអង្គការមួយធ្វើការជួយ និងគាំទ្រដល់ការអភិវឌ្ឍន៍របស់កុមារក្នុង ប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកនេះ។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងដែរថា អង្គការភ្លែនអន្តរជាតិកម្ពុជា នឹងធ្វើការសហការ ជាមួយនាយកដ្ឋានពាក់ព័ន្ធ របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាឲ្យបានថាតំណាងសាលាចំនួនពីរនាក់ មាននាយកសាលាម្នាក់ និងគ្រូបង្រៀនម្នាក់នឹងបានរៀនពីរបៀបតម្លើង ប្រើប្រាស់ ជួសជុលនិងថែទាំបរិក្ខារទាំងនោះ។ គម្រោងនេះទៀតសោតមានគោលបំណងធ្វើឲ្យប្រាកដថា៩០% នៃសិស្សានុសិស្ស ជាពិសេសកុមារតូចៗនឹងបានរៀន និងយល់ដឹងអំពីការរក្សាអនាម័យ និងវិធានការការពារជំងឺកូវីដ-១៩៕