(សៀមរាប)៖ ក្រុមហ៊ុនលីប្រេស្ស (Libresse®) ដែលជាម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឧបត្ថម្ភបន្ទប់ទឹក អនាម័យចំនួន ២ខ្នង មាន ៥បន្ទប់ ជូនដល់វិទ្យាល័យសាមគ្គី ជាសាលារៀនជនបទមួយ ស្ថិតក្នុងភូមិអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប ស្របតាមឆន្ទៈនៃម៉ាកយី ហោរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាគម្លាតនៃការអប់រំ និងអនាម័យ ជាពិសេសតម្រូវការអនាម័យជាមូលដ្ឋានរបស់យុវសិស្សនារី។

កម្មវិធីទ្រទ្រង់មួយនេះ គឺជាគម្រោងអនាម័យទី២ របស់ក្រុមហ៊ុនលីប្រេស្ស ដែលមានគោលបំណងផ្ដល់លទ្ធភាព ដល់ការទទួលបានអនាម័យកាន់តែប្រសើរនៅតាម សាលារដ្ឋមួយចំនួននៅក្នុងប្រទេស។ គម្រោងទីមួយត្រូវបានផ្ដល់ជូនដល់យុវសិស្សនារីនៅវិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធបុប្ផា ក្នុងខេត្តកំពង់ចាម កាលពីខែមិថុនា ឆ្នាំ២០២១។

ក្នុងការរក្សាចក្ខុវិស័យដើម្បីពង្រឹងសុខុមាលភាព តាមរយៈដំណោះស្រាយសុខភាពនិងអនាម័យឈានមុខ ការឧបត្ថម្ភរបស់លីប្រេស្ស Libresse® ដល់សិស្សានុសិស្ស នៅតាមសាលា នឹងនាំមកនូវផលវិជ្ជមានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ធ្វើឲ្យពួកគេសម្រេចបានការសិស្សាពេញលេញ និងឈានដល់គោលដៅជីវិត ផ្ទាល់ខ្លួនរបស់ពួកគេ។

ជាមួយកម្មវិធីអនាម័យដែលកំពុងអនុវត្តនេះក្រុមហ៊ុនលីប្រេស្ស Libresse នឹងបន្តផ្ដល់បង្គន់ និងបន្ទប់ទឹកអនាម័យនៅតាមសាលាមួយចំនួនទៀត ដើម្បីយុវសិស្សនារី រស់នៅបានកាន់តែមានសុវត្ថិភាពនិងសុខភាព ដែលធ្វើឲ្យពួកគេអាចផ្ដោតការយកចិត្តទុកដាក់ពេញលេញលើអ្វីដែលមានសារៈសំខាន់សម្រាប់ពួកគេគឺការសិក្សា។

លើកឡើងនៅក្នុងពិធីប្រគល់នេះ លោក Sreang Enghor តំណាងក្រុមហ៊ុនលីប្រេស្ស បានឱ្យដឹងដែរថា លីប្រេស្ស ជឿជាក់ថាការអប់រំពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងគុណភាព ជីវិតរស់នៅ របស់ស្ត្រីកម្ពុជា។ ជាមួយបន្ទប់ទឹកអនាម័យគ្រប់គ្រាន់ និងការយល់ដឹងអំពីការរក្សាអនាម័យ លោកសង្ឃឹមថា នឹងអាចចូលរួមកាត់បន្ថយ អត្រាបោះបង់ការសិក្សា ក្នុងចំណោមយុវសិស្សនារី។

សម្ព័ន្ធក្រុមហ៊ុនវីនដា អាស៊ីអាគ្នេយ៍ (ម៉ាឡេស៊ី) តាមរយៈម៉ាកសញ្ញាលីប្រេស្ស ជាបុត្រសម្ព័ន្ធរបស់ខ្លួន គឺជាក្រុមហ៊ុនទទួលបានពានរង្វាន់ «Gender-responsive Marketplace Award» ដោយសារការគាំទ្រពេញលេញរបស់ខ្លួនក្នុងការសម្រួលដល់ការពង្រឹងអំណាចស្ត្រី តាមរយៈការចូលរួមក្នុងសង្គម និងដោយមានរបៀប ធុរកិច្ច ប្រកបដោយប្រព័ន្ធច្បាស់លាស់ ដើម្បីពង្រឹងគុណភាពជីវិតរស់នៅរបស់ស្ត្រី។

លោក ហៀង សុខ នាយកវិទ្យាល័យ សាមគ្គី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនលីប្រេស្ស Libresse សម្រាប់ការបរិច្ចាគបន្ទប់ ទឹកអនាម័យ ទាំងនេះ។ ការដែលមានបន្ទប់ទឹកអនាម័យរួចរាល់ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ដំណើរការអប់រំប្រចាំថ្ងៃប្រកបដោយភាពរលូន នៅសាលារៀន ពីព្រោះសាលាមានសិស្សានុសិស្សយ៉ាងច្រើនដែលត្រូវបំពាក់បំប៉នចំណេះដឹងជាមួយការរក្សាអនាម័យគ្រប់គ្រាន់ និងត្រឹមត្រូវ បន្ទប់ទឹកអនាម័យទាំងនេះ ប្រាកដជាផ្ដល់ផាសុកភាព និងភាពងាយស្រួលដល់សិស្សានុសិស្ស។

លោក ហៀង សុខ បានបញ្ជាក់ដែរថា គំនិតផ្ដួចផ្ដើមដ៏ល្អពីសម្ព័ន្ធក្រុមហ៊ុនវីនដា (Libresse®) ជាសកម្មភាពសប្បុរសគួរឲ្យកត់សម្គាល់ សម្រាប់ជាគំរូដល់ សិស្សានុសិស្ស ឲ្យបានដឹងពីរបៀបដែលអាជីវកម្មអាចផ្តល់ជូននូវផលប្រយោជន៍មកកាន់សហគមន៍វិញ។ ជាមួយការប្រគល់បន្ទប់ទឹកអនាម័យសប្បុរសធម៌ជាផ្លូវការនេះ ក្រុមហ៊ុន លីប្រេស្ស ក៏បានផ្ដល់កញ្ចប់អំណោយនិងកូនសៀវភៅអប់រំ អំពីរដូវស្ត្រី ដល់សិស្សានុសិស្ស និងគ្រូបង្រៀនចំនួន ៣០០នាក់ផងដែរ ដើម្បីជួយសម្រួលក្នុង ការស្វែងយល់ បន្ថែម អំពីការថែទាំសុខភាពអំឡុងពេលមករដូវ។

សូមបញ្ជាក់ថា Libresse® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារី ដែលយល់ច្បាស់ពីធាតុពិតក្នុងនាមជាស្ត្រីភេទ។ ម៉ាកយីហោនេះធ្វើការគាំទ្រដល់ស្ត្រី ដើរតាមគន្លង ជីវិតរបស់ខ្លួន និងសាទរចំពោះលក្ខណៈដែលធ្វើឲ្យស្ត្រីមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីការផលិតនូវផលិតផលដែលប្រកបដោយគុណភាព និងគួរជាទីទុកចិត្ត សម្រាប់សុភាពនារី Libresse® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើមសម្រាប់ជីវិតរស់នៅជាប្រក្រតីពេលមករដូវជារៀងរាល់ខែ។សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅ កាន់ហ្វេសប៊ុកផេក Libresse Cambodia https://www.facebook.com/libressecambodia