(អាមេរិក)៖ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំ និងល្បីរបស់អាមេរិក Intel Corp បានប្រកាសតែងតាំងប្រធានហិរញ្ញវត្ថុ (CFO) ថ្មី ដែលមកពី ក្រុមហ៊ុន Micron Technology Inc ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

លោក David Zinsner បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនផលិតមេម៉ូរីកុំព្យូទ័រ Micron កាលពីឆ្នាំ ២០១៨ ប៉ុន្តែលោកមានបទពិសោធន៍ ខាងផ្នែកហិរញ្ញវត្ថុនៅក្នុងវិស័យក្រុមហ៊ុនផលិតផលគ្រឿងអេឡិចត្រូនិកអស់រយ:ពេល ២០ឆ្នាំមកហើយ ហើយការមកកាន់តំណែង CFO ថ្មី នៅក្នុងក្រុមហ៊ុន Intel នេះ បន្ទាប់ពីលោក George Davis បានប្រកាសចូលនិវត្តន៍នៅខែឧសភាខាងមុខ។

ក្រុមហ៊ុន Intel ក៏បានប្រកាសឱ្យដឹងផងដែរថា លោក Zinsner ក៏ត្រូវបានតែងតាំងជាអគ្គនាយករងប្រចាំក្រុមហ៊ុន ប៉ុន្តែមិនបានបញ្ជាក់ថា ទទួលបន្ទុកលើផ្នែកអ្វីនោះទេ៕