(សេអ៊ូល)៖ និយតករទូរគមនាគមន៍របស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងអនុញ្ញាតឱ្យមានការទូទាត់ប្រាក់តាមក្រុមហ៊ុនផ្សេងៗនៅលើ App Store របស់ខ្លួនដើម្បីអនុវត្តតាមច្បាប់ហាមឃាត់របស់ប្រតិបត្តិករ ពាក់ព័ន្ធនឹងការបង្ខំអ្នកបង្កើតកម្មវិធី (Developer) ឱ្យប្រើប្រព័ន្ធទូទាត់របស់ពួកគេ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២។

គណៈកម្មការទំនាក់ទំនងកូរ៉េ (KCC) បានស្នើសុំក្រុមហ៊ុន Apple និង ក្រុមហ៊ុន Alphabet (មេធំរបស់ Google) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកឱ្យបង្កើតផែនការអនុលោមតាមច្បាប់ដែលបានចូលជាធរមានកាលពីខែកញ្ញា ឆ្នាំ២០២១។

KCC បានបញ្ជាក់ថា Apple គ្រោងនឹងអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ផ្សេងបានក្រៅពីរបស់ Apple ដែលមានថ្លៃសេវាទាប បើធៀបទៅនឹងតម្លៃសេវា ៣០ភាគរយនាពេលបច្ចុប្បន្ន។

គួរជម្រាបផងដែលថា ប្រទេសកូរ៉េខាងត្បូងបានបិទការទូទាត់ប្រាក់តាមរយៈប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Apple ដែលមានការកាត់ថ្លៃសេវារហូតដល់៣០ភាគរយ កាលពីឆ្នាំមុន៕