(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៣ តែម្ដងនាពេលឆាប់ៗខាងមុខ ខណៈក្នុងសន្និបាតប្រចាំឆ្នាំនេះ នឹងត្រូវលើកយកបញ្ហាប្រឈមទាំងអស់មកដោះស្រាយ ដើម្បីពង្រឹងយន្ដការ និងប្រសិទ្ធភាពកការងារឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។

ការលើកឡើងនេះ ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះ ក្រោមវត្តមានលោក វ៉ាត់ ចំរើន តំណាងរដ្ឋមន្ដ្រី ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC។ កិច្ចប្រជុំ បានផ្ដោតលើរបៀបវារៈពីរ ទី១-ត្រួតពិនិត្យកម្មវិធី ការរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងសិក្ខាសាលាថ្នាក់ជាតិ និងទី២-ត្រួតពិនិត្យរបាយការណ៍បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបានថ្លែងថា កិច្ចប្រជុំនេះបានពិភាក្សាគ្នា អំពីកម្មវិធី ទីតាំង ពេលវេលារៀបចំ ការចូលរួម និងខ្លឹមសារ ពិសេសផ្ដោតលើបញ្ហាប្រឈមនានាដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ដើម្បីលើកយកមកដាក់លើតុ ហើយធ្វើការដោះស្រាយ និងស្នើសុំអនុសាសន៍ណែនាំពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តការងារទៅតាមគណៈកម្មការជំនាញនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ចំពោះតួនាទីភារកិច្ចរបស់ខ្លួន។

លោកបន្ដថា «ក្នុងខ្លឹមសារ នឹងផ្ដោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមដោយរបៀបម៉េច? តើយើងដោះស្រាយបញ្ហាប្រឈមយ៉ាងម៉េច ដើម្បីទទួលបាននូវភាពជាក់លាក់មួយថា យុន្តការដែលយើងអនុវត្តទៅមានប្រសិទ្ធភាពនៅឆ្នាំ២០២២ រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង ព្រោះឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការស៊ីហ្គេម ដែលយើងបានដាក់ឲ្យគណៈកម្មការជំនាញនីមួយៗឲ្យដើរស្របគ្នា ហើយត្រូវមើលស្ថានភាព និងផលប៉ះពាល់បញ្ហា ដូចជាបញ្ហាកូវីដ តើប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាពការងារស៊ីហ្គេម លើការបច្ចេកទេស យន្ដការរៀបចំ និងការងារផ្សេងៗទៀត»។

គួរបញ្ជាក់ថា ឆ្នាំ២០២២ នេះ ត្រូវបានគណៈកម្មាធិការជាតិ CAMSOC ចាត់ទុកជាឆ្នាំចាប់ផ្ដើមដំណើរការស៊ីហ្គេម ដែលគ្រប់ភាគីពាក់ព័ន្ធ ពិសេសគណៈកម្មការជំនាញនីមួយៗ ត្រូវចាប់ផ្ដើមសកម្មភាពការងាររបស់ខ្លួន ក្រោយការរៀបចំផែនការការងារ និងខ្ទង់ចំណាយកាលពីឆ្នាំ២០២១ កន្លងទៅ ក្នុងនោះរួមទាំងការត្រៀមដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្នុងឋានៈកម្ពុជាជាសហប្រធាន ដើម្បីសម្រួចទិសដៅ និងផែនការរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕