(កូរ៉េ)៖ ក្រុមហ៊ុនផលិតម៉ាស់ DOBUMASK បច្ចុប្បន្ននេះកំពុងរងការរិះគន់ពីសំណាក់អ្នកគាំទ្រ BTS ជុំវិញការសហការរបស់ក្រុមហ៊ុននេះ ជាមួយផលិតកម្ម HYBE ក្នុងការផលិតនិងលក់ម៉ាស ដែលមានរូបសញ្ញានិងពណ៌ តំណាងឲ្យសមាជិកម្នាក់ៗក្នុងក្រុម BTS។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

ម៉ាសដែលបានដាក់លក់នោះ គឺត្រូវបានផលិតឡើងដោយមានចំនួន៧ពណ៌ ខណៈពណ៌នីមួយៗ គឺតំណាងឲ្យសមាជិម្នាក់ៗក្នុងក្រុម BTS អមដោយការដាក់ពាក្យ Butter។ ក្នុងមួយប្រអប់គឺមាន៧ម៉ាស់ ដែលត្រូវបានគេដឹងថា មានតម្លៃ ២០៤ដុល្លារអាមេរិក។ ជុំវិញតម្លៃនេះផងដែរ បានជុំរុញឲ្យអ្នកគាំទ្រមិនតិចនោះទេ បានចោទសួរទៅកាន់ផលិតកម្ម HYBE អំពីការចុះកិច្ចព្រមព្រៀងសហការ ដែលមានតម្លៃថ្លៃរវាងផលិតកម្ម និងក្រុមហ៊ុនផលិតម៉ាស DOBUMASK។

ប្រការនេះបានធ្វើឲ្យអ្នកគាំទ្រសម្តែងនូវការមិនពេញចិត្ត ទៅលើផលិតកម្ម HYBE ដែលបានសហការចំពោះការផលិតម៉ាស់នេះ។ ទោះជាយ៉ាងណាក្តី នៅមិនទាន់មានការឆ្លើយតបណាមួយ ពីខាងផលិតកម្ម HYBE នៅឡើយទេ ជុំវិញបញ្ហានេះ ខណៈមនុស្សមួយចំនួនបានបញ្ចេញមតិថា ម៉ាសនេះមិនទំនងជាស្អាតប៉ុន្មានទេ ប៉ុន្តែពួកគេទិញ គឺក្នុងនាមជាអ្នកគាំទ្រ BTS និងស្រឡាញ់រូបតំណាងក្នុងម៉ាសនោះប៉ុណ្ណោះ៕