(ដូហា)៖ គិតចាប់តាំងពីឆ្នាំ២០១០ នៅពេល FIFA បានផ្តល់សិទ្ធិឲ្យប្រទេសកាតាធ្វើម្ចាស់ផ្ទះ World Cup 2022 រួចមក កម្មករចំណាកស្រុក (migrant workers) ប្រមាណជាង ៦៥០០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតក្នុងប្រទេសឈូងសមុទ្រមួយនេះ នៅពេលបំពេញការងារសាងសង់កីឡដ្ឋាន សណ្ឋាគារ និងផ្លូវក្រោមដីជាដើម។

គ្រោះថ្នាក់នៃការងារនេះ គឺច្រើនតែកើតឡើងនៅពេលយប់ តាមរយៈរអិលធ្លាក់ពីលើអគារ (slipping death) ដែលតែងតែកើតឡើងចំពោះមិត្តរួមការងាររបស់​ពួកគេជាកម្មករសំណង់ចំណាកស្រុកដូចគ្នាដែលជាយុវជនក្មេងៗមកពីប្រទេសក្រីក្រមានដូចជា ឥណ្ឌា បង់ក្លាដែស នេប៉ាល់ ស្រីលង្ការ និងប៉ាគីស្ថានជាដើម។

មួយវិញទៀតកម្មករសំណង់ភាគច្រើនក៏បានគិតថា ការស្លាប់បាត់បង់ជីវិញរបស់មិត្តរួមការងាររបស់ពួកគេ ក៏បណ្តាលមកពីបង្ខំធ្វើការក្រោមអាកាសធាតុក្តៅដល់ ៤០អង្សា ដើម្បីទទួលកម្រៃពលកម្មមានតែ ១១ដុល្លារក្នុង ១ថ្ងៃប៉ុណ្ណោះ និងប្រាក់ខែបាន ២៧២ដុល្លារ។

វានៅសល់រយៈពេល ១១ខែទៀតទម្រាំដល់ព្រឹត្តិការណ៍ពិភពលោក World Cup 2022 នៅកាតាចាប់ផ្តើមចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ គ្រាដែលរដ្ឋាភិបាល និង FIFA បានកំពុងពន្លឿនឲ្យការសង់សង់កីឡដ្ឋានឲ្យចប់សព្វគ្រប់ទាន់ពេល និងបានផ្លាស់ប្តូរច្បាប់ការងារផងដែរ កាលពីឆ្នាំ២០១៩ កន្លងទៅ។

លោក Barum Ghimire មេធាវីសិទ្ធិមនុស្សបានថ្លែងប្រាប់ Dailymail ថា «ពួកគេព្យាយាមបង្ហាញសមិទ្ធដែលបានបង្កើតឡើង ប៉ុន្តែទន្ទឹមគ្នានេះ ពួកគេក៏ត្រូវរាប់ចំពោះកម្មករដែលបានបាត់បង់ជីវិតផងដែរ។ ប្រសិនមិនដូច្នោះទេ World Cup ចុងឆ្នាំនេះ នឹងក្លាយជាសោកនាដកម្ម និងចង់ចាំមិនភ្លេចឡើយ។ វានឹងក្លាយជា Cup ដែលពោរពេញដោយដំណក់ឈាម នៅពេលកម្មករមកពីនេប៉ាល់ បានស្លាប់នៅកាតាកើនដល់ ១៦៤១នាក់»

* ផ្សេងៗទៀតពី World Cup 2022 រួមមាន៖
១៖ ទឹកប្រាក់ប្រមាណ ១៣៨ពាន់លានផោន នឹងត្រូវបានចំណាយធ្វើម្ចាស់ផ្ទះលើកដំបូងរបស់កាតា
២៖ FIFA រំពឹងទទួលបានចំណូលសរុប ៣.៤ពាន់លានផោនពី World Cup 2022
៣៖ ទឹកប្រាក់សរុប ១.៩ពាន់លានផោន ជាតម្លៃដែល FIFA លក់សិទ្ធិផ្សាយបន្តផ្ទាល់
៤៖ ក្រោយចប់ការប្រកួត គេរំពឹងថា FIFA នឹងទទួលបានប្រាក់ចំណេញ ១ពាន់លានផោន៕