(តូក្យូ)៖ ខ្សែបម្រើប្រយុទ្ធលំដាប់អន្តរជាតិរបស់ថៃ Chanathip Songkrasin បានចូលរួមជាមួយក្លិបម្ចាស់ពានរង្វាន់ជើងឯកជប៉ុន Kawasaki Frontale។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

Chanathip បានចុះកិច្ចសន្យាជាមួយក្លិបម្ចាស់ពានរង្វាន់ J1 League ៦រដូវកាល បន្ទាប់ពីចំណាយពេល ៤រដូវកាលកន្លះជាមួយក្លិបជប៉ុនដូចគ្នា Consadole Sapporo។

កីឡាករវ័យ ២៨ឆ្នាំរូបនេះត្រូវបានទិញយកទៅលេងក្នុងលីគ J-League កាលឆ្នាំ២០១៨ ខណៈក្រុម Consadole បានបញ្ចប់នៅលំដាប់ថ្នាក់ទី៤ ក្នុងតារាង ហើយបានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិថៃ ទទួលបានជោគជ័យក្នុងតំបន់ក្នុងខែនេះនៃព្រឹត្តិការណ៍ពានរង្វាន់ AFF Suzuki Cup 2020។

Chanathip បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេរួមគ្នានៅឯព្រឹត្តិការណ៍ Suzuki Cup ដែលធ្វើឡើងនៅសិង្ហបុរី ហើយត្រូវបានចាត់ទុក ជាកីឡាករដ៏មានតម្លៃបំផុត (Most Valuable Player) របស់ព្រឹត្តិការណ៍នេះ ខណៈក្រុមថៃបានឈ្នះក្រុមឥណ្ឌូនេស៊ីនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមបានពានរង្វាន់ក្នុងកំណត់ត្រាលើកទី៦ នៅពេលកីឡាករកម្ពស់មិនសូវបាន ក៏រកបាន ២គ្រាប់ផងដែរ៕