(អង់ការ៉ា)៖ អតីតខ្សែការពាររបស់ក្លិប Galatasaray និងក្រុមជម្រើសជាតិតួកគី កីឡាករ Ahmet Calik បានស្លាប់បាត់បង់ជីវិតហើយក្នុងវ័យ ២៧ឆ្នាំ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត។ នេះបើតាមការបញ្ជាក់ពីក្លិបរបស់លោក Konyaspor ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

«យើងពិតជាក្រៀមក្រំដែលបានបាត់បង់កីឡាករ Ahmet Calik របស់យើង ដែលទទួលបានការស្រឡាញ់ពីក្រុម និងអ្នកគាំទ្ររបស់យើងចាប់តាំងពីថ្ងៃដំបូង ដែលលោកបានមកដល់ក្លិប Konyaspor» នេះបើតាមក្លិបបានសរសេរនៅលើ Twitter។

យោងតាមគេហទំព័រតួកគី Spor Arena បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅផ្លូវជិតរដ្ឋធានី Ankara ជាទីកន្លែងដែល Calik បាននឹងកំពុងធ្វើដំណើរនៅអំឡុងថ្ងៃឈប់សម្រាក ដើម្បីបញ្ចប់គម្រោងសម្រាប់ការរៀបការរបស់លោក។

Calik បានបង្ហាញខ្លួនជាង ៥០ប្រកួតសម្រាប់ក្លិប Galatasaray អំឡុងពេលលេង ៣ឆ្នាំ មុនពេលចូលរួមជាមួយក្លិប Konyaspor ក្នុងឆ្នាំ២០២០។

ខ្សែការពារផ្នែកកណ្តាលរូបនេះ ក៏ធ្លាប់បានលេង ៨ប្រកួតសម្រាប់ក្រុមជម្រើសជាតិតួកគី ចម្លោះឆ្នាំ២០១៥ និង២០១៧ ហើយក៏ធ្លាប់ជាផ្នែកមួយនៃក្រុមតួកគី សម្រាប់ការប្រកួតពានរង្វាន់ Euro 2016 ផងដែរ។ បើទោះបីជាមិនបានចូលរួមប្រកួតក៏ដោយ៕