(រីយ៉ូ)៖ ក្លិបបាល់ទាត់ខ្នាតយក្សរបស់ប្រេស៊ីល Flamengo បានបង្ហាញគម្រោងក្នុងការចុះហត្ថលេខា ជាមួយខ្សែបម្រើ Andreas Pereira ដែលផ្លាស់មកពីក្លិប Manchester United លើកិច្ចសន្យាលេងជាអចិន្ត្រៃយ៍។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

Pereira ដែលបានចូលរួមជាមួយក្លិប Flamengo លេងក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១ឆ្នាំ កាលពីខែសីហាឆ្នាំមុននោះ។ កិច្ចសន្យារបស់លោកជាមួយក្លិប Manchester United បន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែមន្ត្រីមកពីក្លិបដែលមានមូលដ្ឋាននៅទីក្រុង Rio de Janeiro នេះ បាននឹងកំពុងធ្វើការពីក្រៅឆាក ដើម្បីរក្សាកីឡាករវ័យ ២៦ឆ្នាំរូបនេះលើសពីកិច្ចសន្យាដែលកំពុងមានបច្ចុប្បន្ន។

«បាទ Flamengo នឹងព្យាយាមក្នុងការចុះកិច្ចសន្យាអចិន្ត្រៃយ៍ជាមួយកីឡាករ Andreas នៅពេលវេលាសមស្របណាមួយ» នេះបើតាមសម្តីប្រធានផ្នែកបាល់ទាត់ លោក Macros Braz ថ្លែងប្រាប់អ្នកព័ត៌មាននាថ្ងៃចន្ទ។ ថាតើវាអាចទៅរួច ឬក៏អត់នោះ។ យើងមិនទាន់អាចនិយាយបាននៅឡើយទេ។ គាត់មកពីក្លិប Manchester United ជាក្លិបមួយ ក្នុងចំណោមក្លិបដ៏ធំបំផុតនៅតំបន់អឺរ៉ុប»

Pereira បានបង្ហាញខ្លួន ២៥ប្រកួតសម្រាប់ក្លិប Flamengo នៅគ្រប់ការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងជួយឲ្យរកបានគ្រាប់បាល់ ១គ្រាប់ទៀតផង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល Manchester United បានប្រាប់ Flamengo ថា ពួកគេត្រូវតែចំណាយប្រាក់ប្រមាណ ២០លានអឺរ៉ូ ដើម្បីប្តូរពីលេងក្នុងលក្ខខណ្ឌខ្ចីជើង ទៅជាកិច្ចសន្យាអចិន្ត្រៃយ៍វិញ៕