(បរទេស)៖ ក្រុមហ៊ុនផ្ដល់សេវាកម្មទិញមុន បង់លុយតាមក្រោយដ៏ល្បីឈ្មោះរបស់អូស្ត្រាលី Afterpay Ltd បានប្រកាសឱ្យដឹងថា ធនាគារ នៃ ប្រទេសអេស្ប៉ាញបានអនុញ្ញាតឱ្យខ្លួនលក់ក្រុមហ៊ុនឱ្យទៅក្រុមហ៊ុន Block Inc (ពីមុនមានឈ្មោះថា Square Inc) ក្នុងតម្លៃ ២៩ពាន់ លាន ដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ធនាគារនៃប្រទេសអេស្ប៉ាញបាន អនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរខាងលើធ្វើកិច្ចព្រមព្រៀងទិញលក់ដោយស្របច្បាប់ និងមិនមានលក្ខខណ្ឌហាមឃាត់ ឬកែតម្រូវអ្វីឡើយ ដែលនាំឱ្យវាជាកិច្ចព្រមព្រៀងទិញលក់មួយដែលមានទំហំទឹកប្រាក់ច្រើនជាងគេបំផុត និងមិនធ្លាប់មានសម្រាប់ក្រុមហ៊ុនអូស្ត្រាលី។

ក្រុមហ៊ុន Block Inc បានស្នើសុំទិញក្រុមហ៊ុន Afterpay Ltd កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងតម្លៃ ២៩ពាន់លានដុល្លារអាមេរិក ហើយ បើតាមសេចក្ដីសម្រេចរបស់ធនាគារនៃប្រទេសអេស្ប៉ាញគឺបានបញ្ជាក់ថា កិច្ចព្រមព្រៀងទិញលក់នេះនឹងត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃទី០១ ខែកុម្ភ:ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា Afterpay Ltd គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុ (ទិញមុន បង់លុយតាមក្រោយ) ដ៏ធំរបស់អូស្ត្រាលី ដោយបច្ចុប្បន្ន បានដាក់ឱ្យដំណើរការសេវាកម្មរបស់ខ្លួននៅអូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា សហរដ្ឋអាមេរិក និងនូវែលសេឡង់ ដែលត្រូវបាន បង្កើត ឡើងកាលពីឆ្នាំ ២០១៤ ដោយលោក Nick Molnar និង Anthony Eisen និងមានអ្នកប្រើសរុប ១៦,២លាននាក់ ហើយកាលពីឆ្នាំ២០២១ កន្លងទៅនេះរកចំណូលបាន ៩២៥លានដុល្លារអាមេរិក ខណ:ដែល Block Inc ទើបតែប្ដូរឈ្មោះពី Square Inc ដែលផ្ដល់សេវកម្ម ហិរញ្ញវត្ថុ និងការទូទាត់ប្រាក់តាមអនឡាញរបស់អាមេរិក ដែលមានលោក Jack Dorsey ជាស្ថាបនិក (គាត់ក៏ជាសហស្ថាបនិករបស់ Twitter ផងដែរ)៕